(វែនីស)៖ ប្រជាជន ៩៨ភាគរយ នៅក្នុងតំបន់វេណេតូ (Veneto) នៃប្រទេសអ៊ីតាលី បានបង្ហាញការគាំទ្រចង់ឲ្យតំបន់នេះ «មានសិទ្ធិស្វ័យភាព» នៅក្នុងការបោះឆ្នោតប្រជាមតិមួយ កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។
មេដឹកនាំតំបន់ Veneto លោក លូកា ហ្សៃយ៉ា (Luca Zaia) បានថ្លែងថា ការបោះឆ្នោតប្រជាមតិនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដោយប្រជាជនជាង ០២លាននាក់ បានបោះឆ្នោតគាំទ្រឲ្យមានសិទ្ធិស្វ័យភាពសម្រាប់តំបន់នេះ។ នេះគឺជាការបើកទំព័រប្រវត្តិសាស្រ្តដ៏ថ្មីសន្លាងមួយ សម្រាប់តំបន់ Veneto។
គួរបញ្ជាក់ថា បើតាមគណៈកម្មការរៀបចំការបោះឆ្នោតប្រចាំតំបន់ខាងលើ មនុស្សលើសពី ៥៧ភាគរយ ក្នុងចំណោមប្រជាជនតំបន់ Veneto សរុបប្រមាណ ៤.៩៣លាននាក់ បានចូលរួមក្នុងការបោះឆ្នោតប្រជាមតិ។ ចេតនាខាងលើនេះ វាមានលក្ខណៈខុសពីតំបន់ កាតាឡាន់ (Catalonia) របស់អេស្ប៉ាញតែបន្តិចប៉ុណ្ណោះ ដោយមួយចង់បានស្វ័យភាព និងមួយទៀតចង់បានឯករាជ្យ ឬប្រទេសជាតិថ្មីមួយ ដែលមានន័យថា ចង់ផ្តាច់ខ្លួនតែម្តង៕