(សេអ៊ូល)៖ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Ronald Reagan បានចូលទៅដល់កំពង់ផែទីក្រុង ប៊ូសាន (Busan) ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូងហើយ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីបានដឹកនាំការធ្វើសមយុទ្ធយោធា ដែលកូរ៉េខាងជើងតែងតែចោទថា ជាសកម្មភាពត្រៀមឈ្លានពានរបបដឹកនាំទីក្រុងព្យុងយ៉ាង ក៏ដូចជាបង្កភាពតានតឹងរឹតតែខ្លាំង នៅលើតំបន់ឧបទ្វីបកូរ៉េ ប៉ុន្តែអ្វីៗនឹងអាចប្រែប្រួលជាងនេះទៀត ក្នុងដំណើរទស្សនកិច្ច លោក ដូណាល់ ត្រាំ មកកាន់ទីក្រុងសេអ៊ូលនាពេលដ៏ខ្លីខាងមុខ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។
សហរដ្ឋអាមេរិកបានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាមួយកូរ៉េខាងត្បូង នៅក្នុងបរិបទដែលទីក្រុងព្យុងយ៉ាង ត្រូវគេសង្ស័យថា កំពុងត្រៀមបាញ់មីស៊ីលសាជាថ្មី។ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Ronald Reagan មានទម្ងន់ ១០០,០០០តោន បានចូលរួមនៅក្នុងសមយុទ្ធយោធានេះ ដែលបានចាប់ផ្ដើមកាលពីថ្ងៃ១៥ ខែតុលា និងបញ្ចប់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ខណៈយន្ដហោះចម្បាំង និងនាវាមុជទឹកជាច្រើនគ្រឿង ក៏បានចូលរួមនៅក្នុងលំហាត់សឹក សម្ញែងសាច់ដុំដាក់កូរ៉េខាងជើងនេះដែរ។
ព្រមពេលជាមួយគ្នា ដូចទម្លាប់ចាស់ ទីក្រុងព្យុងយ៉ាងបានព្រមានថា នឹងធ្វើការវាយប្រហារដោយគ្មានត្រាប្រណី និងមិនប្រាប់ជាមុនប្រឆាំងនឹងសហរដ្ឋអាមេរិក នៅក្នុងករណីដែលខ្លួនយល់ថា ត្រូវបានគំរាមកំហែង និងឈ្លានពាន។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ស្ថានភាពនៅលើឧបទ្វីបកូរ៉េអាចនឹងកាន់តែតានតឹង នៅចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញដំណើរទស្សនកិច្ចជាលើកដំបូង មកកាន់ទ្វីបអាស៊ីនៅខែវិច្ឆិកាខាងមុខនេះ ជាពិសេសបើសិនជាលោកធ្វើទស្សនកិច្ច ទៅកាន់តំបន់គ្មានយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅអំឡុងឈប់សំចតនៅកូរ៉េខាងត្បូងមែននោះ៕