(ហ្សាការតា)៖ ឥណ្ឌូណេស៊ី នឹងផ្ញើលិខិតការទូតមួយ ទៅកាន់រដ្ឋមន្រ្តីការបរទេសអាមេរិក ហើយកោះហៅឯកអគ្គរដ្ឋទូតរងរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំនៅរដ្ឋធានីហ្សាការតា ឲ្យមកបកស្រាយឲ្យបានច្បាស់ថា ហេតុអ្វីដែលបានជា មេបញ្ជាការយោធាជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី ត្រូវបានបដិសេធ មិនឲ្យចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងហ្សាការតា អ្នកនាំពាក្យយោធា លោក វូរីយ៉ាន់តូ (Wuryanto) បានឲ្យដឹងថា អគ្គមេបញ្ជាការកងប្រដាប់អាវុធឥណ្ឌូណេស៊ី លោក ហ្គាតូត នួម៉ាន់ត្យូ (Gatot Nurmantyo) បំរុងនឹងឡើងយន្តហោះចាកចេញទៅហើយ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ប៉ុន្តែក្រោយមកក្រុមហ៊ុនអាកាសចរណ៍ បានជូនដំណឹងត្រឡប់មកវិញថា នាយកដ្ឋានគយ និងការពារព្រំដែនរបស់សហរដ្ឋអាមេរិក បានបដិសេធមិនឲ្យរូបលោក ចូលក្នុងទឹកដីរបស់ពួកគេឡើយ។
គួរបញ្ជាក់ថា លោក Nurmantyo បានគ្រោងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក តបតាមការអញ្ជើញរបស់ លោក ចូសិប ដុនហ្វដ (Joseph Dunford Jr) ប្រធានអគ្គសេនាធិការចម្រុះ ដើម្បីចូលរួមសន្និសីទវិស័យការពារជាតិ ស្តីពីការបង្រ្កាបអំពើហិង្សាជ្រុលនិយម ដែលនឹងប្រព្រឹត្តទៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី២៣ ដល់ទី២៤ ខែតុលានេះ៕