(តូក្យូ)៖ មនុស្សពីរនាក់បានស្លាប់ រីឯប្រព័ន្ធដឹកជញ្ជូនជាច្រើនត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន បន្ទាប់ពីខ្យល់ព្យុះទីហ្វុង ឡាន់ (Lan) បានវាយប្រហារមកលើតំបន់ភាគកណ្ដាល និងបក់បោក មកលើដីគោកប្រទេសជប៉ុន រហូតមកទល់នឹងព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ជនរងគ្រោះជាបុរសទាំងពីរនាក់ខាងលើ ម្នាក់មានអាយុ ៦៣ឆ្នាំ ស្លាប់នៅក្នុងទីក្រុង ហ្វ៊ូគូអូកា (Fukuoka) និងម្នាក់ទៀតមានអាយុ ៧០ឆ្នាំ នៅឯខេត្ត យ៉ាម៉ាគូជិត (Yamaguchi)។ ដោយឡែកអាជ្ញាធរឧតុនិយមជប៉ុន ក៏បានឱ្យដឹងដែរថា ព្យុះទីហ្វុង Lan ដែលជាព្យុះទី២១ នៅក្នុងឆ្នាំនេះបានបក់បោកក្នុងល្បឿង ១៩៨គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្រមទាំងបានវាយប្រហារលើខេត្ត ហ្ស៊ីហ្ស៊ូអូកា (Shizuoka) នៃភាគកណ្ដាលប្រទេសជប៉ុន នៅម៉ោង ៣៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ជាមួយនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈនៅភាគខាងលិច ខេត្ត វ៉ាកាយ៉ាម៉ា (Wakayama) កម្ពស់ទឹកភ្លៀងឡើងដល់ ៨០០មីលីម៉ែត្រ និង ៧០០មីលីម៉ែត្រ នៅក្នុងខេត្ត មីអេ (Mie) ក្នុងរយៈពេល ៤៨ម៉ោង មកនេះ។
គួរបញ្ជាក់ថា ក្រៅតែពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ជើងហោះហើរ ៣៥០ជើង ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ និង ១៧០ជើង នៅថ្ងៃចន្ទនេះ ចំណែកឯ អ្នកដំណើរ ៤៣,០០០នាក់ បានទទួលរងផលប៉ះពាល់ពីការលុបចោលទាំងនេះ៕