(តូក្យូ)៖ មនុស្សរាប់ម៉ឺននាក់ ត្រូវបានគេផ្ដល់យោបល់ឱ្យភៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព រីឯជើងហោះហើររាប់រយជើងត្រូវបានលុបចោល ហើយសេវាកម្មផ្លូវដែកជាច្រើនត្រូវផ្អាក សកម្មភាពជាបណ្ដោះអាសន្នដោយសារតែភ្លៀង និងខ្យល់បក់យ៉ាងខ្លាំង កំពុងវាយប្រហារលើប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះ ចំពេលដែលប្រជាជនជប៉ុនកំពុងបោះឆ្នោតរើសតំណាងរាស្ត្រ សភាជាន់ទាប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះទីហ្វុង Lan ដែលជាព្យុះដ៏មានឥទ្ធិពលលំដាប់ទី០៤ បានបក់បោកមកដល់ភាគខាងត្បូងប្រទេសជប៉ុន ហើយវាកំពុងបន្តដំណើរមកកាន់ ភាគឦសានក្នុងល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោងនៅរសៀលថ្ងៃអាទិត្យនេះ។ អាជ្ញាធរជប៉ុន បានជូនដំណឹងដល់ប្រជាជនជាង ២០,០០០ គ្រួសារ ភៀសខ្លួន ទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលព្យុះទីហ្វុងមួយនេះអាចនឹងបង្កជាភ្លៀងធ្លាក់យ៉ាងខ្លាំងព្រមទាំងគ្រោះរអិលបាក់ដី នៅតាមតំបន់ក្បែរទីក្រុងតូក្យូ នៅព្រឹកថ្ងៃចន្ទស្អែកនេះ។ ដោយឡែក ទន្ទឹមគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ក៏បានអំពាវនាវផងដែរឱ្យរដ្ឋាភិបាលរបស់លោកចាត់វិធានការចាំបាច់នានា ដើម្បីកាត់បន្ថយហានិភ័យ និងការពារអាយុជីវិតប្រជាជនជប៉ុន។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដសភាជាន់ទាបជប៉ុន បានចាប់ផ្ដើមជាផ្លូវការហើយ នៅព្រឹកថ្ងៃអាទិត្យនេះ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកការិយាល័យ បោះឆ្នោតបានបើកទ្វារ នៅម៉ោង៧ព្រឹក និងត្រូវបិទទ្វារនៅម៉ោង៨យប់៕