(ម៉ាឌ្រីត)៖ បន្ទាប់ពីមានការកោះប្រជុំគណៈរដ្ឋមន្រ្តីជាបន្ទាន់ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត បានសម្រេចថា នឹងដកយកសិទ្ធគ្រប់គ្រងពីរដ្ឋាភិបាលតំបន់ស្វយ័តកាតាឡាន់ (Catalonia) មកវិញ ដោយអនុឡោមតាមមាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញ។ នេះបើតាមការប្រកាសពីនាយករដ្ឋមន្រ្តីអេស៉្បាញ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងក្រោយពីមានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាបន្ទាន់មួយ ដើម្បីជជែកពិភាក្សាទាក់ទិននឹងការអនុវត្តមាត្រាពិសេសខាងលើនេះ នាយករដ្ឋមន្រ្តីអេស៉្បាញលោក Mariano Rajoy បានបកស្រាយថារដ្ឋាភិបាលកាតាឡាន់ នឹងត្រូវរំលាយចោល ហើយអំណាចទាំងប៉ុន្មាន នឹងត្រូវគ្រប់គ្រងដោយក្រសួងនានារបស់អេស៉្បាញជំនួសវិញ ស្របពេលដែលការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្នាក់តំបន់ថ្មី ទំនងជានឹងធ្វើឡើងនៅក្នុងអំឡុងពេល០៦ខែខាងមុខ។
យ៉ាងណាមិញ បើតាមការគូសបញ្ជាក់ពីលោក Rajoy ការសម្រេចចិត្តអនុវត្តមាត្រា១៥៥នៃរដ្ឋធម្មនុញ្ញនេះ ចាំបាច់ត្រូវតែឆ្លងកាត់ការអនុញ្ញាតពីព្រឹទ្ធសភាអេស៉្បាញជាមុនសិន។ ដោយឡែកមេដឹកនាំកាឡាន់ លោក Carles Puigdemont ត្រូវគេរាយការណ៍ថា នឹងឡើងចេញមុខធ្វើការអត្ថាធិប្បាយឆ្លើយតបនឹងរឿងនេះ នៅវេលាយប់រំលងអាធ្រាតឈានចូលថ្ងៃអាទិត្យស្អែក។
គួររំលឹកថា ក្រោយការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យកាលពីថ្ងៃទី០១ ខែតុលា លោក Puigdemont បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ប្រកាសឯករាជ្យរួចហើយ ប៉ុន្តែមិនទាន់ ហ៊ានប្រកាសជាផ្លូវការនៅឡើយទេ ដោយសារតែទទួលបានការគំរាមកំហែងយ៉ាងខ្លាំង ពីរដ្ឋាភិបាលអេស្ប៉ាញ៕