BREAKING NEWS: រដ្ឋាភិបាលអេស្ប៉ាញ «កំពុងប្រជុំដកសិទ្ធិស្វ័យភាព ដើម្បីក្រសោបយក Catalonia មកគ្រប់គ្រងវិញ» ដែលជាការបិទផ្លូវស្វែងរកឯករាជ្យ...
21-10-2017 17:01
(ម៉ាឌ្រីត)៖ រដ្ឋាភិបាលអេស្ប៉ាញ កំពុងអនុវត្តន៍តាមមាត្រាទី ១៥៥ នៃរដ្ឋធម្មនុញ្ញ នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ ដើម្បីព្យួរសិទ្ធិស្វ័យភាពរបស់តំបន់កាតាឡាន់ (Catalonia) បន្ទាប់ពីឱសាវាទលើកចុងក្រោយឱ្យមេដឹកនាំតំបន់ស្វយ័តមួយនេះ បង្ហាញពីគោលជំហរថា ចង់ឬមិនចង់ប្រកាសឯករាជ្យ បានផុតកំណត់កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមខុទ្ទការល័យ នាយករដ្ឋមន្ត្រីអេស្ប៉ាញ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។
យោងតាមខុទ្ទការល័យនាយករដ្ឋមន្ត្រីអេស្ប៉ាញ កិច្ចប្រជុំបន្ទាន់មួយកំពុងធ្វើឡើងផងដែរ ក្រោយមេដឹកនាំកាតាឡាន់ លោក Carles Puigdemont បានព្រមានថា សភាតំបន់អាចនឹង បោះឆ្នោតប្រកាសឯករាជ្យជាផ្លូវការ ចេញពីប្រទេសអេស្ប៉ាញ បើសិនជាទីក្រុងម៉ាឌ្រីត មិនព្រមបើកកិច្ចចរចាទេនោះ។ ចំណែកឯក្រុមអ្នកជំនាញ ក៏បានសម្ដែងក្ដីព្រួយបារម្ភដែរថា ជម្លោះស៊ីវិល អាចនឹងកើតឡើងនៅក្នុងតំបន់កាតាឡាន់ នៅក្នុងករណីដែលទីក្រុងម៉ាឌ្រីត ប្រកាសប្រើមាត្រា១៥៥។ មាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញអេស្ប៉ាញឆ្នាំ១៩៧៨ បានអនុញ្ញាតឱ្យរដ្ឋាភិបាលអេស្ប៉ាញដកសិទ្ធិស្វ័យភាព ឬក៏គ្រប់គ្រងតំបន់កាតាឡាន់ដោយផ្ទាល់ បើសិនជាមានជាម្លោះកើតឡើង។
គួររំលឹកថា ក្រោយការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យកាលពីថ្ងៃទី០១ ខែតុលា លោក Puigdemont បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ប្រកាសឯករាជ្យរួចហើយ ប៉ុន្តែមិនទាន់ ហ៊ានប្រកាសជាផ្លូវការនៅឡើយទេ ដោយសារតែទទួលបានការគំរាមកំហែងយ៉ាងខ្លាំង ពីរដ្ឋាភិបាលអេស្ប៉ាញ៕