(ម៉ូស្គូ)៖ ក្នុងអំឡុងពេល ២០ឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកមានឈ្មោះជាប្រទេសហត្ថលេខី ប៉ុន្តែពុំមែនជាសមាជិកឡើយ នៃកិច្ចព្រមព្រៀងហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ CTBT ជាបំរាមកាលឆ្នាំ១៩៩៦ របស់អង្គការសហប្រជាជាតិ ទៅលើអាវុធជាតិផ្ទុះនុយក្លេអ៊ែរទាំងអស់ មិនថាប្រើប្រាស់សម្រាប់គោលបំណងអ្វីឡើយ។ ដោយសារតែបញ្ហាអាវុធនុយក្លេអ៊ែរ បានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅលើឆាកអន្តរជាតិសាជាថ្មីឡើងវិញនោះ សហគមន៍អន្តរជាតិដែលមិនគាំទ្រការរីកសាយភាព នៃអាវុធប្រល័យលោក បានអំពាវនាវឲ្យព្រឹទ្ធសភាអាមេរិកផ្តល់សច្ចាប័ន លើសន្ធិសញ្ញានេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។
រដ្ឋនុយក្លេអ៊ែរចំនួន ០៦ ក្នុងចំណោម ០៩ ដែលមិនទាន់បានផ្តល់សច្ចាប័នលើសន្ធិសញ្ញា CTBT រួមមាន ចិន ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ខណៈបារាំង រុស្ស៊ី និងចក្រភពអង់គ្លេស គឺជារដ្ឋនុយក្លេអ៊ែរដែលបានចុះហត្ថលេខា ហើយផ្តល់សច្ចាប័នដល់សន្ធិសញ្ញាអន្តរជាតិនេះថែមទៀត។
យ៉ាងណាមិញ CTBT អាចចូលជាធរមានពេញលេញបានលុះត្រាតែប្រជាជាតិឧបសម្ព័ន្ធ-២ ទាំង ៤៤ប្រទេស ដែលបានឬកំពុងស្រាវជ្រាវលើថាមពលនុយក្លេអ៊ែរ ផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះទាំងអស់គ្នា។ ដោយឡែក ក្រៅពីរដ្ឋនុយក្លេអ៊ែរទាំង ០៦ អេហ្ស៊ីប និងអ៊ីរ៉ង់ ដែលជារដ្ឋឧបសម្ព័ន្ធ-២ (Annex 2) នោះ ក៏ពុំទាន់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះដែរ ខណៈប្រទេស ៣៦ផ្សេងទៀត បានធ្វើការផ្តល់សច្ចាប័នរួចរាល់អស់ហើយ។
ជុំវិញរឿងនេះ សហគមន៍អន្តរជាតិដែលប្រឆាំងនឹងការប្រើប្រាស់អាវុធប្រល័យលោក រួមមានលោក Hans Blix ដែលធ្លាប់បានដឹកនាំទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនោះ បានបង្ហាញពីភាពមិនជឿជាក់ ចំពោះសហរដ្ឋអាមេរិក ដែលថាថ្ងៃណាមួយអាចនឹងផ្តល់សច្ចាប័នដល់សន្ធិសញ្ញានេះ ដោយសម្អាងថា ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់រក្សាសេរីភាពនៃសកម្មភាពរបស់សហរដ្ឋអាមេរិក។ លោក Blix បានជំរុញឲ្យព្រឹទ្ធសភាអាមេរិក សម្រេចផ្តល់សច្ចាប័នចំពោះសន្ធិសញ្ញានេះ៕