(ម៉ានីល)៖ មេដឹកនាំក្រុមឧទ្ទាមធំបំផុត នៅភាគខាងត្បូងប្រទេសហ្វីលីពីន អាប៊ូសាយយ៉ាហ្វ ត្រូវបានទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក FBI បញ្ជាក់ក្រោយការតាមដានយ៉ាងល្អិតល្អន់ថា ពិតជាបានស្លាប់ប្រាកដមែន នៅមុនប៉ុន្មានថ្ងៃនៃការរំដោះទីក្រុង ម៉ារ៉ាវី (Marawi) កាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ដែលហ្វីន ឡរ៉េនហ្សាណា (Delfin Lorenzana) បានបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំអាប៊ូសាយយ៉ាហ្វ គឺលោក អ៊ីសនីឡូន ហាភីឡូន (Isnilon Hapilon) ពិតជាបានស្លាប់ប្រាកដមែន។ បុគ្គលរូបនេះ គឺជាអ្នកដឹកនាំក្រុមភេរវករនៅភាគខាងត្បូងប្រទេសហ្វីលីពីន ដែលមានទំនោរគាំទ្រក្រុម ISIS ដែលជាបណ្តាញភេរវករធំបំផុតនៅលើពិភពលោក»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិហ្វីលីពីន បានអះអាងបន្ថែមទៀតថា «យើងបានទទួលរបាយការណ៍ផ្លូវការ ពីទីភ្នាក់ងារ FBI របស់អាមេរិក ដោយយោងលើគំរូ DNA ដែលត្រូវបានយកពីខ្លួនជនសង្ស័យ ដែលត្រូវបានសម្លាប់នៅ Marawi នោះ សាកសពពិតជាសាកសពរបស់ Hapilon មេដឹកនាំអាប៊ូសាយយ៉ាហ្វ ពិតប្រាកដ»។
គួរបញ្ជាក់ថា លោក Hapilon ដ៏ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ក្រសួងការបរទេសអាមេរិកផងដែរ ដោយកន្លងមកអាមេរិកធ្លាប់បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ ៥លានដុល្លារ ដល់អ្នកដែលអាចចាប់ខ្លួន ឬផ្តល់ព័ត៌មានឈានទៅរកការចាប់ខ្លួន Hapilon ជាមេដឹកនាំក្រុមអាប៊ូសាយយ៉ាហ្វ នៅភាគខាងត្បូងប្រទេសហ្វីលីពីន ដែលភេរវករទទួលជំនួយពីក្រុមអាល់កៃដា និងជាអ្នកដើរតាមគន្លង ISIS នោះ៕