(វ៉ាស៊ីនតោន)៖ រូបគំនូរមួយផ្ទាំងនៃអគារ Empire State នៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេររិក ដែលជាស្នាដៃផ្ទាល់របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នោះ ត្រូវបានលក់ចេញដោយក្រុមហ៊ុនដេញថ្លៃមួយ នៅទីក្រុងឡូសអាន់ជែឡែស (Los Angeles) នាពេលថ្មីៗនេះក្នុងតម្លៃ ១៦,០០០ដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។
រូបគំនូរបែបគូសវាសខាងលើមានទំហំ ៣០x៣០សង់ទីម៉ែត្រ និងគូរដោយប្រើទឹកប៊ិចពណ៌ខ្មៅ ដែលវាបង្ហាញពីអគារកម្ពស់ ១០២ជាន់ Empire State ដ៏ល្បីឈ្មោះប្រចាំទីក្រុងញូយ៉ក ក៏ដូចជាសហរដ្ឋអាមេរិក។ ផ្ទាំងគំនូរនេះ ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃខ្ទង់ចាប់ពី ៨,០០០ពាន់ដុល្លារ ដល់១២,០០០ដុល្លារ ក៏ប៉ុន្តែលទ្ធផលជាក់ស្តែង ដូចទៅនឹងក្រុមហ៊ុនដេញថ្លៃ Julien's Auction បានប្រកាសនោះ គឺវាខ្ពស់ជាការរំពឹងទុកទៅទៀត។
គួរបញ្ជាក់ថា រូបគំនូរមួយផ្ទាំងនេះ ដែលមានទាំងហត្ថលេខារបស់លោក ត្រាំ ផ្ទាល់ផងនោះ ត្រូវបានបង្កើតឡើងដោយលោកប្រធានាធិបតីអាមេរិករូបនេះ សម្រាប់កម្មវីធីដេញថ្លៃសប្បុរសធម៌មួយ នៅឯរដ្ឋផ្លូរីដា កាលពីអំឡុងលោក ដូណាល់ ត្រាំ បានចាប់ផ្តើមបើកក្លឹប-រមណីយដ្ឋានឯកជន Mar-a-Lago កាលពីឆ្នាំ១៩៩៥។
ដោយឡែក នេះពុំមែនជាលើកទី០១ឡើយ ដែលផ្ទាំងគំនូរជាស្នាដៃរបស់លោក ដូណាល់ ត្រាំ ត្រូវបានលក់ចេញដោយក្រុមហ៊ុនដេញថ្លៃ។ តួយ៉ាង កាលពីខែកក្កដាកន្លងទៅ រូបគំនូរមួយផ្ទាំងផ្សេងទៀត ស្តែងពីទិដ្ឋភាពអគារជាប់នឹងជើងមេឃនៅក្នុងសង្កាត់ Manhattan នៃទីក្រុងញូយ៉កនោះ ដែលគូរដោយអតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះ កាលពីឆ្នាំ២០០៥ ត្រូវបានលក់ក្នុងតម្លៃ ២៩,១៨៤ដុល្លារ៕