(កាប៊ុល)៖ បន្ទាប់ពីគ្រាប់រ៉ុក្កែតចំនួន ០២គ្រាប់ ត្រូវបានបាញ់ផ្លោងចូលទៅចំកណ្តាលទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន គេបានសង្កេតឃើញថាពុំមានសេចក្តីរាយការណ៍ បញ្ជាក់ពីមនុស្សរងគ្រោះ ឬក៏ការខូចខាតធ្ងន់ធ្ងរ ពីហេតុការណ៍នេះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។
កាលពីវេលាម៉ោងប្រមាណ ០៦៖១០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) សំឡេងស៊ីរ៉ែនប្រកាសអាសន្ន បានបន្លឺឡើងនៅទីស្នាក់ការរបស់កងកម្លាំងយោធាចម្រុះ ដឹកនាំដោយអង្គការ NATO ព្រមទាំងស្ថានទូតបរទេសមួយចំនួនទៀតនៅក្នុងតំបន់នោះ ហើយក្រោយមកសំឡេងផ្ទុះនៃគ្រាប់រ៉ុក្កែត ក៏បានលាន់ឡើងយ៉ាងកក្រើក។
គួរបញ្ជាក់ថា ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ប្រល័យចំនួន ០២ករណីដាច់ដោយឡែកពីគ្នា ទៅលើព្រះវិហារ ០២កន្លែង ក្នុងរដ្ឋធានីកាប៊ុល និងខេត្ត ហ្គ័រ (Ghor) ដែលជាលទ្ធផលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៧២នាក់ និងបណ្តាលឲ្យរបួសជាច្រើននាក់ផ្សេងទៀត៕