(វ៉ាស៊ីនតោន)៖ បើតាមរបាយការណ៍ នៃការិយាល័យគណនេយ្យភាពរដ្ឋាភិបាល (GAO) របស់អាមេរិក ពាក់ព័ន្ធនឹងការរៀបចំគ្រាប់រ៉ុក្កែត Space Launch System, យានអវកាស Orion, និងប្រព័ន្ធបាញ់បង្ហោះនៅមជ្ឈមណ្ឌលអវកាស Kennedy សម្រាប់បេសកកម្មនាពេលអនាគតនោះ អង្គការ NASA នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីអាចធ្វើតេស្តហោះហើរបាន នៅចុងឆ្នាំ២០១៩ ឬក៏ដើមឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Arstechnica.com នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងរបាយការណ៍ខាងលើ គឺថាទីភ្នាក់ងារអវកាស NASA នៅតែមិនទាន់បានបញ្ជាក់ឲ្យដឹងពីការចំណាយប៉ាន់ស្មាន សម្រាប់បេសកកម្មមានអវកាសយានិកលើកទី០១ របស់គ្រាប់រ៉ុក្កែត SLS និងយានអវកាស Orion ដែលនឹងអាចធ្វើឡើងនៅក្នុងឆ្នាំ២០២៣ ឬក៏យូរជាងនេះឡើយទេ។
គួរបញ្ជាក់ថា បេសកកម្មខាងលើ ដែលមានឈ្មោះថា Exploration Mission 2 នឹងរួមមានការបញ្ជូនអវកាសយានិកចំនួន ០៤រូប ទៅកាន់ទីអវកាស និងការនាំយកសមាសភាគដំបូងនៃស្ថានីយ៍អវកាស ទៅកាន់គន្លងរបស់ឋានព្រះច័ន្ទ ហើយវានឹងក្លាយជាបេសកកម្មមានវត្តមានមនុស្សដំបូងបំផុត ក្រោយពីការអភិវឌ្ឍគ្រាប់រ៉ុក្កែត SLS អស់រយៈពេល ១២ឆ្នាំ និងយាន Orion ជិត០២ទសវត្សរ៍។ ដោយឡែកការធ្វើតេស្តហោះហើរនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ មានឈ្មោះថា Exploration Mission 1 ឬ EM-1៕