(យូអិន)៖ មកទល់ពេល​នេះ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ ៥៩០,០០០នាក់ហើយ បានរត់ទៅជ្រក​កោណ​នៅក្នុងជំរុំ នៃ​ប្រទេស​បង់ក្លាដែស ខណៈកុមារ​តូចៗ​ក្នុងចំណោម​នោះ ដល់ទៅ​ប្រមាណ ៣២០,០០០នាក់ កំពុងទទួលរង​ការ​គំរាមកំហែង​យ៉ាងខ្លាំងពីជំងឺ​ផ្សេងៗ និងការរស់នៅ​ដោយអស់​សង្ឃឹម។ នេះបើតាម​ការចេញផ្សាយ​ដោយ ​ទីភ្នាក់​​ងារ​​ព័ត៌​​មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។

បើតាមអ្នកនាំ​ពាក្យអង្គការ​សហប្រជាជាតិ លោក ហ្វាហាន ហាក (Farhan Haq) ការិយាល័យ​សម្របសម្រួលកិច្ចការ​មនុស្សធម៌ (OCHA) របស់ UN បាន​រាយការណ៍ថា ជនជាតិដើម​ភាគតិចមូស្លីម​រ៉ូហ៊ីងយ៉ា​ចំនួន ៥៨៩,០០០នាក់ បានរត់ភៀសខ្លួន​​ចេញពី​រដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើង​មីយ៉ាន់ម៉ា គិតចាប់តាំងពី​មានប្រតិបត្តិការ​បង្រ្កាបយ៉ាង​ចាស់ដៃ ពីកម្លាំង​​រដ្ឋាភិបាល ក្រោយពីការវាយប្រហារ​ដ៏ប្រល័យដោយ​ក្រុម​សកម្មប្រយុទ្ធ កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ទៅ​​លើ​ប៉ុស្តិ៍​ប៉ូលិសមីយ៉ាន់ម៉ា​ជាច្រើនទីតាំង។

ជាមួយគ្នានេះ​អង្គការ UNICEF បានបញ្ជាក់ថា ស្ថានភាពរស់នៅ​ប្រកបដោយភាព​អស់សង្ឃឹម និងជំងឺផ្សេងៗ កំពុង​បង្កការ​គំរាមកំហែង​ជាខ្លាំងដល់កុមារភៀស​ខ្លួនច្រើន​ជាង ៣២០,០០០នាក់ ដែលបានរត់​ទៅជ្រកកោណ​នៅ​បង់ក្លា​ដែស។

គួរបញ្ជាក់ថា សន្និសីទ​ដើម្បីស្វែងរកម្ចាស់​ជំនួយ សម្រាប់ដើម​សប្តាហ៍ក្រោយ ក្នុងទីក្រុង​ហ្សឺណែវ ប្រទេសស្វីស​ក៏ត្រូវ​បាន​ប្រកាសថា នឹងធ្វើឡើង កាលពីដើម​សប្តាហ៍នេះ​ផងដែរ ដោយក្រុមមន្រ្តី​មានក្តី​សង្ឃឹមថា នឹងអាចរៃ​អង្គាស​​ថវិកា​បាន​ចំនួន​​យ៉ាង​ហោច​ណាស់ ៤៣៤លានដុល្លារ ដើម្បីជួយដល់​ជនភៀស​ខ្លួនរ៉ូហ៊ីងយ៉ា ក៏ដូចជាអ្នក​ដែល​បាន​​​ទទួល​​ឲ្យពួកគេ​ជ្រកកោណ។ ដោយ​ឡែក មកទល់​ពេលនេះ​ថវិកា​ត្រឹម ២៦ភាគ​រយ​ប៉ុណ្ណោះ​​ក្នុង​ចំណោម​នោះ ទើបសម្រេចបាន៕