(កាប៊ុល)៖ គ្រាប់រ៉ុក្កែតចំនួន ០២គ្រាប់ ត្រូវបានផ្លោងហោះចូលទៅក្នុងសង្កាត់ការទូត ដែលស្ថិតនៅកណ្តាលរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ទាំងព្រឹកថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។
បើតាមសាក្សីនៅជិតកន្លែងកើតហេតុ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ៦៖១០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅក្នុងតំបន់) និងរ៉ុក្កែតទាំង ០២គ្រាប់ បានធ្លាក់ចំទីតាំងក្នុងតំបន់ Police District 10 និង Police District 9 នៃទីក្រុងកាប៊ុល ខណៈអគារខុនដូ និងស្ថានទូតបរទេសមួយចំនួន ក៏ស្ថិតនៅក្បែរទីតាំងនៃការវាយប្រហារនេះផងដែរ។
យ៉ាងណាមិញ គេពុំទាន់ដឹងថា មានមនុស្សរងគ្រោះ ឬក៏ការខូចខាត ដែលបង្កឡើងពីការផ្លោងគ្រាប់រ៉ុក្កែតនេះនៅឡើយទេ៕