(សេអ៊ូល)៖ កងទ័ពអាកាសកូរ៉េខាងត្បូង (ROKAF) បានប្រកាសឲ្យដឹងជាសាធារណៈ អំពីការទិញដ្រូន (យន្តហោះគ្មានអ្នកបើកបរផ្ទាល់) ប្រភេទ RQ-4 Global Hawk ចំនួន ០៤គ្រឿង សរុបជាទឹកប្រាក់ជិត ០១ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក នៅចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។
យន្តហោះដ្រូន (Drone) ខាងលើនេះ ដែលក្នុងមួយគ្រឿងមានតម្លៃ ២២៣លានដុល្លារនោះ ត្រូវទិញយកក្រោមក្របខណ្ឌ នៃកម្មវិធីស៊ើបការណ៍ថ្មីមួយរបស់ ROKAF។ កងទ័ពអាកាសកូរ៉េខាងត្បូងបានបញ្ជាក់ថា យន្តហោះ ០២គ្រឿង ដំបូងក្នុងចំណោមនោះ នឹងត្រូវទទួលបាននៅខែធ្នូខាងមុខនេះ ខណៈ០២គ្រឿងទៀតនឹងមកដល់នៅឆ្នាំ២០១៩។ យន្តហោះដ្រូនទាំង ០៤គ្រឿង នឹងត្រូវដាក់ឲ្យឈរជើងនៅក្នុងមូលដ្ឋានយោធា គ្យើយ៉ុងដេ (Gyeryongdae) ក្នុងខេត្ត ជុងជឿង (Chungcheong) ខាងត្បូង។
គួរបញ្ជាក់ថា យន្តហោះដ្រូន Global Hawk ទាំងនេះត្រូវគេរំពឹងថា នឹងយកទៅប្រើប្រាស់ ដើម្បីតាមឃ្លាំមើលសកម្មភាពមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕