(គែរ)៖ កងកម្លាំងយោធា និងប៉ូលិសអេហ្ស៊ីបយ៉ាងតិច ៣៥នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយដោយអាវុធ ជាមួយនិងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមក្នុងតំបន់ បាហារីយ៉ា (Bahariya) នៅលើវាលខ្សាច់ភាគខាងលិចប្រទេស។ នេះបើតាមការអះអាងពីមន្រ្តីសន្តិសុខ និងសុខាភិបាលអេហ្ស៊ីប ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានបារាំង AFP នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។
ទន្ទឹមនឹងនេះក្រសួងមហាផ្ទៃអេហ្ស៊ីប បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ពិតជាមានហេតុការណ៍នេះមែន និងបានឲ្យដឹងក្រុមភេរវករមួយចំនួនក៏បានស្លាប់ផងដែរ តែមិនបានផ្តល់តួលេខជាក់លាក់អំពីជនរងគ្រោះ ឬមួយក៏ព័ត៌មានលម្អិតបន្ថែមនោះឡើយ។
ជុំវិញហេតុការណ៍នេះដែរ ក្រុមឧទ្ទាមជ្រុលនិយមមួយក្រុមមានឈ្មោះថា ហាសម៍ (Hasm) បានចេញមុខអះអាងថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ និងបាននិយាយថា មន្រ្តីសន្តិសុខអេហ្ស៊ីបយ៉ាងហោចណាស់ ២៨នាក់បានស្លាប់ និង៣២នាក់ ផ្សេងទៀតបានទទួលរងរបួស។
គួរបញ្ជាក់ថា ចាប់តាំងតែពីកងកម្លាំងយោធាអេហ្ស៊ីប បានទម្លាក់អតីតប្រធានាធិបតី លោក មូហាមម៉ាដ មឺស៊ី (Muhammad Mursi) ដែលមានប្រភពមកពីក្រុម Muslim Brotherhood មក ក្រុមសកម្មប្រយុទ្ធបានបង្កើនសកម្មភាពវាយប្រហាររបស់ពួកគេ ជាបន្តបន្ទាប់ទៅលើកងទ័ពក៏ដូចជាប៉ូលិសអេហ្ស៊ីប៕