(ឡុងដ៍)៖ មេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រៀងគ្នា ក្នុងការរៀបចំកិច្ចសន្ទនាពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ខណៈលោកស្រីនាយករដ្ឋមន្ត្រី ថេរេសា ម៉ាយ (Theresa May) បានទទួលស្គាល់ថា មានផ្លូវមួយចំនួនឆ្ពោះទៅរកកិច្ចចរចា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។
ដូចការគ្រោងទុក លោកស្រី May និងមេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំមួយ នៅឯទីក្រុងព្រុចសែលនាងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មិនទាន់មានការជឿនលឿនទៅមុខគ្រប់គ្រាន់ សម្រាប់កិច្ចចរចាស្ដីពីពាណិជ្ជកម្មនៅឡើយទេ បន្ទាប់ពីអង់គ្លេសបានដំណើរការនីតិវិធី លែងលះជាមួយសហភាពអឺរ៉ុប ឬ Brexit។ ក៏ប៉ុន្តែនៅអំឡុងកិច្ចពិភាក្សា ពួកគេបានត្រួសត្រាយផ្លូវដើម្បីចាប់ផ្ដើមការចរចា ដែលអាចនឹងត្រូវធ្វើឡើងនៅខែធ្នូខាងមុខនេះ។
គួរបញ្ជាក់ថា អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុប ជាផ្លូវការនៅខែមីនា ឆ្នាំ២០១៧ ក្រោយការបោះឆ្នោត Brexit កាលពីឆ្នាំ២០១៦។ ចំណែកឯកិច្ចប្រជុំក្នុងទីក្រុងព្រុចសែល រវាង លោកស្រី May និងបណ្ដាមេដឹកនាំសហភាពអឺរ៉ុបទាំង ២៧ គឺធ្វើឡើងក្នុងគោលបំណងពិនិត្យមើល ភាពរីកចំរើននៃកិច្ចចរចា Brexit ជាមួយទីក្រុងឡុងដ៍៕