(ប៉េកាំង)៖ កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបាននិយាយថា ស្ថានភាពបច្ចុប្បន្ននៅតែអាក្រក់សម្រាប់ទីក្រុងព្យុងយ៉ាង ដែលកំពុងឆ្លងកាត់ឧបសគ្គជាច្រើន ដើម្បីក្លាយជាមហាអំណាច។ ក៏ប៉ុន្តែទន្ទឹមគ្នា របបកម្មុយនីស្ដឯកោមួយនេះ ក៏អះអាងដែរថា ថាមពល និងអំណាចរបស់ខ្លួន បានឡើងជិតដល់កម្រិតកំពូលហើយ។ នេះបើតាម Rodong Sinmun ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃល្ងាចសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទវិចារណកថារបស់ខ្លួន កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ នៅតែស្ថិតនៅក្នុងស្ថានភាពអាក្រក់ ដោយសារតែពួកចក្រពត្តិអាមេរិក ដែលបានប្រើប្រាស់វេទិកា UN ព្រមានកម្ទេចកូរ៉េខាងជើងឱ្យក្លាយទៅជាផេះ... ហើយបើទោះជា យើងកំពុងឆ្លងកាត់ឧបសគ្គដ៏លំបាក ឆ្ពោះទៅរកគោលដៅរបស់យើងក៏ដោយ ប៉ុន្តែយើងខ្លាំង និងក្លាហានរួចទៅហើយ»។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ICBM ចំនួនពីរលើក និងគ្រាប់បែកអ៊ីដ្រូសែនមួយលើក ដែលត្រូវបានគេមើលឃើញថា បច្ចេកវិទ្យាមីស៊ីល របស់ទីក្រុងព្យុងយ៉ាងកាន់តែរីកចំរើនទៅមុខ៕