(ប៉េកាំង)៖ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង សម្រាប់ការរៀបចំផែនការយោធា ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ជាពិសេសគឺគំរោងសម្លាប់ លោក គីម ជុងអ៊ុន។ ប្រតិកម្មរបស់ទីក្រុងព្យុងយ៉ាង កើតមានឡើងក្រោយក្រុមមន្ត្រីកូរ៉េខាងត្បូង បានចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងបានចូល Hack ទិន្នន័យផែនការយោធារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ក្នុងករណីសង្រ្គាមនៅលើឧបទ្វីបកូរ៉េផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យគណៈកមា្មធិការកូរ៉េខាងជើង ដើម្បីសន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា «កូរ៉េខាងជើងថ្កោលទោសយ៉ាងខ្លាំង ចំពោះ សកម្មភាពយោធាគ្មានការប្រុងប្រយ័ត្ន របស់ពួកចូលចិត្តសង្រ្គាមដូចជាសហរដ្ឋអាមេរិក ដែលចង់រារាំងមិនឱ្យកូរ៉េខាងជើង សម្រេចគោលបំណងរបស់ខ្លួន... ហើយដែលនេះបង្ហាញថា ទីក្រុង វ៉ាស៊ីនតោនបានចាប់ផ្ដើមសង្រ្គាមជាមួយកូរ៉េខាងជើង ដោយមិនប្រកាសសង្រ្គាម ក្រោមសេណារីយ៉ូនៃសង្រ្គាមដ៏គ្រោះថ្នាក់»។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យដដែល កាលពីថ្ងៃទី១០ ខែតុលា ក្រុមមន្ត្រីក្រសួងការពារជាតិអាមេរិក បានធ្វើបទបង្ហាញពីរដល់ លោក ដូណាល់ ត្រាំ នូវជម្រើសយោធាប្រឆាំងនឹងកូរ៉េខាងជើង ក្នុងនោះរួមមានទាំងការវាយប្រហារបង្ការជាមុន និងការកាត់បន្ថយការខូចខាតរបស់ខ្លួនជាដើម៕