(ម៉ានីល)៖ ប្រជាជនហ្វីលីពីនភាគច្រើន បានបង្ហាញពីការពេញចិត្តជាខ្លាំង ចំពោះការបំពេញការងារ និងដឹកនាំប្រទេសរបស់រដ្ឋបាលប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការស្ទង់មតិឯករាជ្យមួយ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។
បើតាមការស្ទាបស្ទង់មតិរបស់ក្រុមហ៊ុន Pulse Asia Inc. ដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញាកន្លងទៅបានបង្ហាញលទ្ធផលថា ការវាយតម្លៃរបស់ប្រជាពលរដ្ឋហ្វីលីពីន ទៅលើការងាររបស់រដ្ឋាភិបាល លោក ឌូតឺតេ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗ រួមមានទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន និងបោសសម្អាតអំពើពុករលួយនោះ គឺពុំមានការផ្លាស់ប្តូរឡើយ ក្នុងអំឡុងខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយក្នុងចំណោមប្រជាជនហ្វីលីពីនចំនួន ១,២០០នាក់ ដែលបានចូលរួមការស្ទង់មតិ ក្រុមហ៊ុន Pulse Asia បានឲ្យដឹងថា ៧៨ភាគរយ នៃពួកគេ ពេញចិត្តពេញថ្លើមចំពោះរបៀបដឹកនាំរបស់រដ្ឋបាល លោក ឌូតឺតេ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននានា ដែលបានរងគ្រោះដោយបញ្ហាទាំងនេះ។
គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានស្បថឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០១៦ នឹងបញ្ចប់អាណត្តិរយៈពេល ០៦ឆ្នាំ របស់លោកនៅឆ្នាំ២០២២។ លទ្ធផលល្អធំៗ នៃការកាន់អំណាចរបស់ លោក ឌូតឺតេ រយៈពេលជាងមួយឆ្នាំមកនេះ គឺមានដូចជាទី១៖ សង្គ្រាមគ្រឿងញៀនដ៏ក្តៅគគុក, ២៖ ការកសាងទំនាក់ទំនងល្អឡើងវិញជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូង និងទី៣៖ ការទទួលបានជោគជ័យលើបណ្តាញភេរវករគាំទ្រ ISIS នៅទីក្រុងម៉ារ៉ាវី ភាគខាងត្បូងប្រទេសកាលពីពេលថ្មីៗនេះ៕