(វ៉ាស៊ីនតោន)៖ ទីបំផុតព្រឹទ្ធសភានៃសហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអនុម័តនូវដំណោះស្រាយមួយសម្រាប់កញ្ចប់ថវិកាជាតិឆ្នាំ២០១៨ ដែលមានទឹកប្រាក់ ៤ពាន់ពាន់លានដុល្លារ ហើយវាគឺជាជំហានដ៏ធំមួយ ឆ្ពោះទៅរកការធ្វើកំណែទម្រង់ផ្នែកពន្ធដារ ដោយគ្មានការគាំទ្រពីគណបក្សប្រជាធិបតេយ្យនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។
ការបោះឆ្នោតអនុម័តខាងលើនេះ គឺបានទទួលបានសំឡេងគាំទ្រ ៥១សំឡេង ទល់នឹង ៤៩សំឡេង ដោយសមាជិកគណបក្សសាធារណរដ្ឋទាំងអស់ បានសម្រេចលើកញ្ចប់ថវិកា ដែលអាចបំពេញទៅតាមគំរោងបង់ពន្ធ របស់ពួកគេបន្ថែមរហូតដល់ទៅ ១.៥ពាន់ពាន់លានដុល្លារ ឆ្លើយតបទៅនឹងឱនភាពរយៈពេលមួយទសវត្សរ៍។ ប្រការនេះនឹងនាំទៅរកការអនុម័តកំណែទំរង់ពន្ធដារ រៀបចំឡើងដោយបក្សសាធារណរដ្ឋ ដោយមិនចាំបាច់មានការគាំទ្រ ពីបក្សប្រជាធិបតេយ្យនោះឡើយ។
គួរបញ្ជាក់ថា ថវិកាជាតិដែលត្រូវបានសម្រេចនាពេលនេះ គឺត្រូវបានកំណត់ដោយយោងទៅលើកម្រិតនៃការចំណាយក្នុងសារពើពន្ធឆ្នាំ២០១៧ ប៉ុន្តែវាតម្រូវឲ្យមានការកាត់បន្ថយនៅក្នុងការចំណាយមិនមែនយោធា នៅក្នុងរយៈពេលមួយទសវត្សរ៍ រហូតដល់ឆ្នាំ២០២៧។ ថវិកាដែលត្រូវបានបង្កើននោះ គឺទៅលើវិស័យការពារជាតិ សម្រាប់រយៈពេល ១០ឆ្នាំទៅមុខនេះតែម្តង ដោយការសម្រេចចុងក្រោយនៅក្នុងព្រឹទ្ធសភា នឹងត្រូវធ្វើឡើងនៅដើមខែវិច្ឆិកា៕