(សេអ៊ូល)៖ ការស្ទង់មតិមួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញថា អ្នកចូលរួមជិត ៦០ភាគរយ គាំទ្រចំពោះកិច្ចបន្តស្ថាបនារោងចក្រថាមពលនុយក្លេអ៊ែរ ដែលបច្ចុប្បន្នកំពុងផ្អាកការសាងសង់ សាជាថ្មីឡើងវិញ ខណៈទង្វើនេះហាក់ដូចជាផ្ទុយនឹង កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយការពឹងផ្អែកលើ ថាមពលនុយក្លេអ៊ែរ។ នេះបើតាមការឲ្យដឹងពី គណៈកម្មការជជែកដេញដោលសារធារណៈ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។
បើតាមការស្ទាបស្ទង់មតិខាងលើ អ្នកចូលរួមប្រមាណ ៥៩.៥ភាគរយ បានសម្តែងការគាំទ្រចំពោះការបន្តសាងសង់ រោងចក្រនុយក្លេអ៊ែរ Shin Kori-5 និង Shin Kori-6 ខណៈ ៤០.៥ភាគរយ បានជំទាស់ចំពោះរឿងនេះ។ រ៉េអាក់ទ័រ (Reactor) ទាំងពីរនេះ ដែលបានស្ថិតក្រោមការសាងសង់ចាប់តាំងតែពីឆ្នាំ២០១៦មកនោះ នៅក្នុងទីក្រុង Ulsan ភាគខាងអាគ្នេយ៍ប្រទេស ត្រូវបានផ្អាកដំណើរការស្ថាបនា កាលពីខែកក្កដាកន្លងទៅនេះ ដើម្បីពិចារណាលើការកាត់បន្ថយ ការពឹងផ្អែករបស់កូរ៉េខាងត្បូង លើថាមពលនុយក្លេអ៊ែរ ខណៈលុយជាង ១,៤ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់គំរោងនេះរួចទៅហើយ។
គួរបញ្ជាក់ថា កាលពីអំឡុងការឃោសនារកសំឡេងឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ធ្លាប់បានសន្យាថា នឹងបោះបង់ចោលគម្រោងសាងសង់ នៃម៉ាស៊ីនរ៉េអាក់ទ័រទាំងពីរនេះ ក៏ប៉ុន្តែលោកបានសម្រេចថា នឹងធ្វើការសម្រេចចិត្តចុងក្រោយ ដោយផ្អែកលើមតិសាធារណៈ។ ជាមួយគ្នានេះ វិមាន Cheong Wa Dae ក៏បានបញ្ជាក់ដែរថា នឹងគោរពតាមអនុសាសន៍របស់ គណៈកម្មាការជជែកដេញដោលសាធារណៈ ហើយនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីអនុវត្តន៍វិធានការបន្ទាប់ ដោយស្របទៅតាមអនុសាសន៍នេះ៕