បាតុភូតទេពច្យុត នឹងកើតមានឡើងនៅចុងសប្តាហ៍នេះ ដែលមានប្រភពពីផ្កាយដុះកន្ទុយ Comet 1P
20-10-2017 11:16
(វ៉ាស៊ីនតោន)៖ ទស្សនីយ៍ភាពលើផ្ទៃមេឃដ៏អស្ចារ្យបំផុតប្រចាំឆ្នាំនេះ នឹងលេចឡើងនាចុងសប្តាហ៍នេះតែម្តង នៅពេលដែលទេពច្យុត Orionids បង្ហាញខ្លួន។ នេះបើតាមការចេញផ្សាយដោយ វែបសាយវិទ្យាសាស្រ្ត-អវកាស Space.com នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។
ទេពច្យុតខាងលើនេះ គឺមានប្រភពមកពីផ្កាយដុះកន្ទុយ Comet 1P ឬក៏ Halley's Comet ដោយផ្កាយដុះកន្ទុយដ៏ល្បីឈ្មោះនេះ តែងតែបានហោះកាត់ផែនដីជារៀងរាល់ ៧៥ឆ្នាំ ទៅ ៧៦ឆ្នាំម្តង ហើយស្របពេលដែលផ្កាយដុំកន្ទុយដ៏ត្រជាក់នេះ ធ្វើដំណើរផ្សងព្រេងជុំវិញព្រះអាទិត្យនោះ វាបានបន្សល់ទុកនៅតាមកម្ទេចកម្ទីរផ្កាយដុះកន្ទុយ នៅតាមគន្លងផ្លូវរបស់វា។ នៅពេលជាក់លាក់ណាមួយក្នុងឆ្នាំដ៏កម្រនេះ ផែនដីនឹងជួបប្រទះជាមួយកម្ទិចទាំងនេះ នៅពេលវិលជុំវិញព្រះអាទិត្យ។
គួរបញ្ជាក់ថា ឈ្មោះ Orionids នេះត្រូវបានដាក់តាមទិសដៅ ដែលទេពច្យុតបានលេចឡើង គឺនៅក្បែរនឹងបណ្តុំផ្កាយ Orion ហើយពួកវាអាចនឹងបង្ហាញខ្លួននៅ ចន្លោះម៉ោង ១១៖០០នាទីយប់ថ្ងៃសុក្រនេះ រហូតដល់ម៉ោង ០៥៖០០នាទីទាបភ្លឺ ថ្ងៃសៅរ៍ស្អែក (ពេលវេលានៅកម្ពុជា) ក៏ប៉ុន្តែដោយសារទីតាំងភូមិសាស្រ្ត យើងអាចមើលឃើញទេពច្យុតនេះ ក្នុងចំនួនតិច ឬអត់តែម្តងក៏ថាបាន៕