(មីយ៉ាន់ម៉ា)៖ ទីភ្នាក់ងារសារព័ត៌មានមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានរាយការណ៍ថា មនុស្ស ០៥នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងប៉ូលិស ០៥នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយ នៅឯតំបន់រ៉ែត្បូងមួយកន្លែងស្ថិតនៅក្នុងតំបន់ Hpa-Khant នៃរដ្ឋ Kachin។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារសារព័ត៌មានមីយ៉ាន់ម៉ា ការប៉ះទង្គិចគ្នាដោយហិង្សានេះ កើតឡើងនៅម៉ោង ៩៖៣០នាទីយប់ថ្ងៃព្រហស្បតិ៍ នៅចំពេលប៉ូលិសកំពុងដើរល្បាតនៅជុំវិញបរិវេណ តំបន់រ៉ែត្បូងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន One-One-One Company។ ដោយឡែក ប៉ូលិសនៅកន្លែងកើតហេតុ ក៏បានឱ្យដឹងដែរថា អ្នកជីករ៉ែត្បូង ៥០នាក់ បានព្យាយាមសម្រុកចូលក្នុង តំបន់ការដ្ឋានក្រុមហ៊ុន ប៉ុន្តែត្រូវពួកគេរារាំង ហើយមួយម៉ោងក្រោយមក ស្រាប់តែមនុស្សជិត ៦០០នាក់ បានត្រឡប់មកជាថ្មី និងបានវាយប្រហារលើប៉ូលិសជាមួយកាំបិត ដុតរថយន្ដដឹកទំនិញ និងបំផ្លាញគ្រឿងចក្រមួយចំនួន ជាហេតុបង្ខំឱ្យប៉ូលិសបាញ់តបតទៅលើហ្វូងមនុស្សទាំងនោះ។
ប៉ុន្តែមកទល់ពេលនេះ មូលហេតុជាក់លាក់នៃការបះទង្គិចគ្នានេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ខណៈប៉ូលិសមីយ៉ាន់ម៉ា កំពុងដំណើរការស៊ើបអង្កេត៕