(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងគោរពតាមលទ្ធផលនៃការជជែកដេញដោលជាសាធារណៈ ពាក់ព័ន្ធនឹងជោគវាសនា ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីចំនួនពីរ បន្ទាប់ពីមានអនុសាសន៍ជាច្រើន ឱ្យបើកដំណើរការសាងសង់ រ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមព័ត៌មានពីវិមានប្រធានាធិបតីកូរ៉េខាងត្បូង ជឹង វ៉ា ដេ (Cheong Wa Dae) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក ផាក ស៊ូយុន (Park Soo-hyun) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វិមាន Cheong Wa Dae នឹងគោរពតាមឆន្ទៈរបស់ គណៈកម្មាការជជែកដេញដោលសាធារណៈ ដែលបានផ្ដល់អនុសាសន៍លើកិច្ចដំណើរការឡើងវិញនូវ រ៉េអាក់ទ័រនុយក្លេអ៊ែរទាំងពីរ ក្រោយការពិចារណាអស់រយៈពេលជាង ៣ខែមកនេះ។ ក៏ប៉ុន្តែទន្ទឹមគ្នា រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងការតាមដានក៏ដូចជាអនុវត្តន៍វិធានការ ដោយគ្មានបង្កការរំខានផ្អែកលើអនុសាសន៍»។
គួររំលឹកថា បើគេចាំមិនភ្លេចទេនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ធ្លាប់បានសន្យាថា នឹងលុបបំបាត់រ៉េអាក់ទ័រនុយក្លេអ៊ែរទំាងពីរ ដែលជាផ្នែកមួយនៃការចូលរួមលុបបំបាត់ អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ការសាងសង់រ៉េអាក់ទ័រទាំងពីរនេះគឺ Shin Kori-5 និង Shin Kori-6 បានបញ្ចប់ជាង ៣០ភាគរយ មុននឹងត្រូវផ្អាកកាលពីខែកក្កដា ខណៈលុយជាង ១,៤ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់គំរោងនេះ៕