(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន អាគីហីតុ (Akihito) ទំនងជានឹងដាក់រាជ្យនៅចុងខែមីនា ឆ្នាំ២០១៩ ហើយព្រះបុត្រាស្នងរាជ្យ ណារុហ៊ីតុ (Naruhito) ត្រូវគេរំពឹងថា នឹងឡើងគ្រងរាជ្យសម្បតិ្តបន្តនៅខែមេសាបន្ទាប់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន Asahi ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។
ព្រះអង្គ Akihito ដែលមានព្រះជន្មាយុ ៨៣ព្រះវស្សា និងធ្លាប់បានឆ្លងកាត់ការវះកាត់បេះដូង ក៏ដូចជាទទួលការព្យាបាលជំងឺមហារីកនោះ បានបង្ហើបឲ្យដឹងកាលពីឆ្នាំមុនថា ព្រះអង្គមានព្រះទ័យព្រួយបារម្ភថា ព្រះជន្មរបស់ព្រះអង្គ ប្រហែលជាអាចជះផលវិបាកខ្លាំងដល់ទ្រង់ ក្នុងការបំពេញព្រះរាជកិច្ចតទៅមុខទៀត។ បើតាមប្រភពខាងលើ ព្រះចៅអធិរាជជប៉ុនអង្គនេះ នឹងត្រូវស្នងរាជ្យសម្បត្តិដោយ ព្រះអង្គម្ចាស់ Naruhito ជាព្រះបុត្រាច្បងរបស់ទ្រង់ ដែលមានព្រះជន្ម ៥៧ព្រះវស្សា ហើយយុគសម័យថ្មី នឹងចាប់ផ្តើមឡើងពីដើមខែមេសា ឆ្នាំ២០១៩។
បើតាមការអះអាងរបស់សារព័ត៌មាន Asahi កាលបរិច្ឆេទដែលត្រូវគេរំពឹងទុកនេះ នឹងមិនបង្កផលប៉ះពាល់ខ្លាំងដល់ប្រជារាស្រ្ត ក្នុងការផ្លាស់ប្តូរទៅកាន់រជ្ជកាលអធិរាជថ្មីមួយទៀត ពីសម័យកាលគ្រប់គ្រងបច្ចុប្បន្ន Heisei Era ដែលបានចាប់ផ្តើមកាលពីឆ្នាំ១៩៨៩ ក្រោយការសោយទិវង្គតរបស់ទ្រង់ ហីរូហីតុ (Hirohito) ព្រះបិតារបស់ព្រះចៅអធិរាជ្យ Akihito ឡើយ។
គួរបញ្ជាក់ថា វានឹងក្លាយជាការដាក់រាជ្យលើកដំបូងបង្អស់ដោយព្រះចៅអធិរាជ្យជប៉ុន នៅក្នុងអំឡុងពេលជិត០២សតវត្សរ៍មកនេះ៕