(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាក់ថា លោកគ្មានបំណងដកច្បាប់អាជ្ញាសឹក ចេញពីខេត្តមីនដាណាវនោះឡើយ បើទោះបីជាទីក្រុងម៉ារ៉ាវី (Marawi) ត្រូវបានរំដោះពីក្រុមបណ្តាញភេរវករគាំទ្រ ISIS នៅភាគខាងត្បូងប្រទេសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។
លោក ឌូតឺតេ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ច្បាប់អាជ្ញាសឹក នឹងស្ថិតនៅរហូតដល់ក្រុមភេរវករទាំងអស់នៅតំបន់ភាគខាងត្បូង ត្រូវបានបោសសម្អាត។ នៅពេលដែលខ្ញុំបានដាក់ច្បាប់អាជ្ញាសឹក គ្រប់គ្នាបានសួរថា តើពេលណាវានឹងបញ្ចប់? ខ្ញុំនឹងដកចេញនៅពេលណាដែលភេរវករចុងក្រោយត្រូវបានកម្ចាត់»។ ការបន្តច្បាប់នេះ គឺលោក ឌូតឺតេ ចង់រក្សាសុវត្ថិភាពរបស់ជនស៊ីវិលនានា នៅក្នុងខេត្តមីនដាណាវ។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសជាឱឡារឹកនូវ ការដណ្តើមបានមកវិញទាំងស្រុង ចំពោះទីក្រុង ម៉ារ៉ាវី (Marawi) ស្ថិតនៅក្នុងប្រជុំកោះ មីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន ពីកណ្តាប់ក្រុមឧទ្ទាម ដែលជាបណ្តាញរបស់ក្រុមភេរវករធំបំផុតលើពិភពលោកគឺ ISIS កាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
ការប្រកាសអំពីជ័យជម្នះដ៏ធំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរយៈពេល ១៤៨ថ្ងៃ ដែលសង្គ្រាមដ៏ក្តៅគគុកនៅភាគខាងត្បូងហ្វីលីពីននេះ បានអូសបន្លាយដែលជាហេតុបង្កឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិតរួមមានទាំងយោធា ជនស៊ីវិល និងក្រុមឧទ្ទាមគាំទ្រ ISIS។
តាមការបញ្ជាក់របស់រដ្ឋាភិបាលបានឲ្យដឹងថា «យោធាបានចំណាយពេលវេលាជិត ៥ខែ ក្នុងបណ្តេញក្រុមឧទ្ទាម Maute ដែលបានផ្តាច់ជីវិតសមាជិកក្រុមនេះជាង ៨០០នាក់ ក្នុងនោះមានទាំងអ្នកប្រយុទ្ធ មកពីបរទេសផងដែរ»។ បន្ថែមពីនេះ ខាងរដ្ឋាភិបាលវិញ យោធាសរុប ១៦២នាក់បានស្លាប់ និងជនស៊ីវិល ៤៧នាក់បាត់បង់ជីវិត ក្នុងសង្គ្រាមដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៣ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧៕