(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ពលទាហានប្រហែល ៤៣នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារមួយទាំងកណ្តាលរាត្រី ដែលធ្វើឡើងដោយក្រុមឧទ្ទាមតាលីបង់ ក្នុងស្រុក ម៉ាយវ៉ាដដ៍ (Maywand) នៅខេត្ត កាន់ដាហា (Kandahar) ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន៕
២៖ កម្មវិធី Deep Space Gateway ជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA មានគោលដៅដើម្បីបង្កើតមូលដ្ឋានក្បែរឋានព្រះច័ន្ទមួយ នៅក្នុងចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៦៕
៣៖កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ បានក្រសោបយកតំបន់សំខាន់ៗចំនួនពីរពីក្រុមឃើដដោយជោគជ័យ ស្ថិតនៅក្នុងខេត្ត ឌីយ៉ាឡា (Diyala) ដែលស្ថិតនៅក្បែរទីក្រុងម៉ូស៊ូលដែលក្រុមឃើដស្វះ ស្វែងដណ្តើមបានពីពួក ISIS៕
៤៖ ព្រះមហាក្សត្រថៃព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានយាងចូលរួមព្រះរាជពិធីបិទបញ្ចប់ ការសាងសង់ទីកន្លែងថ្វាយព្រះភ្លើង (ព្រះមេន ឬព្រះមេរុ) ដែលនឹងត្រូវប្រើប្រាស់នៅក្នុង ព្រះរាជពិធីបុណ្យសពរបស់ព្រះបិតាទ្រង់ គឺអតីតព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាឌុលយ៉ាងដេត នាថ្ងៃទី២៦ ខែតុលា សប្តាហ៍ក្រោយ៕
៥៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា សហរដ្ឋអាមេរិកបានចាត់ទុកថាមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺជាអ្នកទទួលខុសត្រូវលើវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបច្ចុប្បន្ន ហើយដែលនេះគឺបង្ហាញពីការយល់ឃើញខុសគ្នា ជាមួយរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី៕
៦៖ កូរ៉េខាងជើង បានប្រកាសថ្កោលទោសធ្ងន់ៗ ចំពោះសមយុទ្ធយោធាជើងទឹកជាថ្មី រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ដែលជាព្រឹត្តិការណ៍ធំបំផុត មិនធ្លាប់កើតមានពីមុនមកនោះឡើយ៕