(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធី្លលឺសុន បាននិយាយថា សហរដ្ឋអាមេរិកចង់មានទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយឥណ្ឌា ប្រឈមមុខនឹងការកើនឡើងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។ លោកចាត់ទុកថា ឥណ្ឌាគឺជាដៃគូយុទ្ធសាស្ត្រ ហើយថាទីក្រុងវ៉ាស៊ីនតោន មិនដែលមានទំនាក់ទំនងបែបនេះជាមួយនឹងចិន ដែលមិនមែនជាសង្គមប្រជាធិបតេយ្យ ម្ដងណាឡើយ ខណៈជួនកាលទីក្រុងប៉េកាំង បានធ្វើសកម្មភាពក្រៅអនុសញ្ញាអន្តរជាតិ ជាឧទាហរណ៍ដូចជាជម្លោះ នៅសមុទ្រចិនខាងត្បូងជាដើម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក ធីលឺ្លសុន ធ្វើឡើងនៅមុនពេលលោកផ្ទាល់ ត្រូវបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នៅសប្ដាហ៍ក្រោយ រីឯលោក ដូណាល់ ត្រាំ នឹងត្រូវបំពេញដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី ក្នុងនោះរួមមានទាំងចិន នៅខែវិច្ឆិកាខាងមុខនេះ។ ជាងនេះទៅទៀត ការអត្ថាធិប្បាយនេះ ក៏បានកើតឡើងផងដែរ តែប៉ុណ្ណោះម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រាប់សមាជបក្សកុម្មុយនីស្ដចិនថា បច្ចុប្បន្នចិនបានក្លាយជាមហាអំណាចដ៏ធំមួយ នៅលើពិភពលោក ហើយការរីកចំរើនរបស់ចិននឹងផ្ដល់ជម្រើសថ្មីមួយ ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
ថ្លែងនៅឯមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងស្វែងរកការបង្កើតទំនាក់ទំនង ប្រកបដោយលក្ខណៈស្ថាបនាជាមួយចិន ក៏ប៉ុន្តែនេះមិនមែនមានន័យថា យើងនឹងដកខ្លួនចេញពីបញ្ហាប្រឈម ពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់ អន្តរជាតិ ស្របពេលដែលទីក្រុងប៉េកាំងកំពុងធ្វើឱ្យប៉ះពាល់ដល់ អធិបតេយ្យភាពរបស់បណ្ដាប្រទេសជិតខាង ក៏ដូចជាបំផ្លាញដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើងនោះទេ»។
គួរបញ្ជាក់ថា ប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលចិននៅក្នុងតំបន់ លោក ធីល្លឺសុន បានអំពាវនាវឱ្យឥណ្ឌាដើរតួនាទីកាន់តែធំនៅក្នុងតំបន់ ដោយអះអាងទៀតថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូដេលី គួរតែបង្កើតទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ សំដៅការពារអធិបតេយ្យភាព និងផលប្រយោជន៍នៃប្រទេសទាំងពីរ៕