(ម៉ូស្គូ)៖ ក្រុមអ្នកជំនាញភូមិសាស្ត្រ និងសណ្ឋានដីបាននិយាយថា តំបន់សាកល្បងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង Punggye-ri អាចនឹងខូចទ្រង់ទ្រាយ ឬបាក់ស្រុត ដោយសារតែការធ្វើតេស្ដនុយក្លេអ៊ែរ ជាបន្តបន្ទាប់មានកម្លាំងផ្ទុះ និងកម្រិតរញ្ជូយដីកាន់តែខ្លាំងៗឡើង ជាពិសេសគឺបន្ទាប់ពីការធ្វើតេស្ដនុយក្លេអ៊ែរទាំង ០៦លើក ក្នុងរយៈពេល ១១ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។
តំបន់ធ្វើតេស្ដនុយក្លេអ៊ែរ Punggye-ri ត្រូវបានគេស្គាល់ថា ជាកន្លែងធ្វើតេស្ដអាវុធនុយក្លេអ៊ែរដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង និងមានទីតាំងស្ថិតនៅក្រោមរូងភ្នំ Mantap។ តំបន់ធ្វើតេស្ដនេះ កាន់តែធ្វើឱ្យគេចាប់អារម្មណ៍កាន់តែខ្លាំង កាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងទៅ ក្រោយកូរ៉េខាងជើងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ-អ៊ីដ្រូសែន ដែលមានកម្លាំងផ្ទុះ ២៥០គីឡូតោន ឬខ្លាំងជាង ១៦ដង ទៅ ១៧ដង នៃគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនកាលពីឆ្នាំ១៩៤៥។
មិនតែប៉ុណ្ណោះការធ្វើតេស្ដនេះ ក៏បានបង្កជាគ្រោះរញ្ជួយដីមានកម្លាំង ៦.១រ៉ិចទ័រ ហើយតាមរយៈកម្លាំងផ្ទុះ និងកំរិតរញ្ជួយនេះឯង ទើបក្រុមអ្នកជំនាញភូមិសាស្ត្រយល់ថា តំបន់ធ្វើតេស្ដនុយក្លេអ៊ែរនេះ អាចនឹងលែងមានស្ថេរភាព និងមិនអាចបន្តដំណើរសម្រាប់ ការធ្វើតេស្ដបានទៀតឡើយ ព្រោះនៅពេលបំផ្ទុះអាវុធនុយក្លេអ៊ែរម្ដងៗ បានធ្វើឱ្យខូចទ្រង់ទ្រាយរូងភ្នំក៏ដូចជាធ្វើឱ្យតំបន់នេះប្រែប្រួល។
គួរបញ្ជាក់ថា ការសន្និដ្ឋានខាងលើរបស់ក្រុមអ្នកជំនាញកើតមានឡើងក្រោយកូរ៉េខាងជើងបានបង្ហាញពីបំណង ចង់បំផ្ទុះគ្រាប់បែកអ៊ីដ្រូសែននៅក្នុងបរិយាកាស នៅលើមហាសមុទ្រប៉ាស៊ីហ្វិក៕