(កាប៊ុល)៖ ពលទាហានប្រហែល ៤៣នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារមួយទាំងកណ្តាលរាត្រី ដែលធ្វើឡើងដោយក្រុមឧទ្ទាមតាលីបង់ ក្នុងស្រុក ម៉ាយវ៉ាដដ៍ (Maywand) នៅខេត្ត កាន់ដាហា (Kandahar) ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។
មន្រ្តីយោធាអាហ្វហ្គានីស្ថានមួយរូបបានឲ្យដឹងថា ជនសកម្មប្រយុទ្ធជាច្រើននាក់ បានវាយលុកមកលើមូលដ្ឋានយោធាមួយក្លែង ស្ថិតនៅក្នុងតំបន់ ចាស់ស្មូ (Chashmo) នៃស្រុក Maywand ដោយប្រើប្រាស់រថយន្តបំផ្ទុះគ្រាប់បែក និងកាំភ្លើងចម្រុះ អំឡុងយប់ថ្ងៃពុធម្សិលមិញ ហើយការប្រយុទ្ធគ្នាបានបន្តរហូតដល់ព្រលឹមទាបភ្លឺព្រហស្បតិ៍នេះ មុនពេលដែលកងកម្លាំងជំនួយ មកដល់ទីតាំងរងការវាយប្រហារ។
គួរបញ្ជាក់ថា កងទ័ពសរុប ៤៣នាក់ បានស្លាប់និងមួយចំនួនទៀតបានរងរបួស ស្របពេលដែលខាងក្រុមសកម្មប្រយុទ្ធ ក៏មានមនុស្សបាត់បង់ជីវិត និងរបួសដូចគ្នាផងដែរ នៅក្នុងការប្រយុទ្ធគ្នានេះ ក៏ប៉ុន្តែមិនដឹងពីចំនួនជាក់ច្បាស់នោះឡើយ៕