(ប៉ារីស)៖ ផ្អែកលើការស៊ើបអង្កេតអស់រយៈពេលជាង ០៦ឆ្នាំ មកនេះ អ្នកសារព័ត៌មានពីររូប មកពីកាសែតបារាំង Médiapart លោក ហ្វាប្រាយស៍ អាហ្វី (Fabrice Arfi) និងលោក ខាល ឡាសក៍ (Karl Laske) បានចេញផ្សាយសៀវភៅមួយ ដែលបង្ហាញពីទំនាក់ទំនងដ៏អាថ៌កបាំង រវាងអតីតប្រធានាធិបតីបារាំង លោក នីកូឡាស់ សាកូហ្ស៊ី (Nicolas Sarkozy) និងមន្ត្រីជំនិតរបស់លោក ជាមួយអតីតមេដឹកនាំលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Mouammar Kadhafi)។ នេះបើតាមសារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។
នៅក្នុងសៀវភៅមួយមានចំណងជើងថា «Avec les compliments du guide» ឬ «ជាមួយការសរសើររបស់អគ្គមគ្គុទេ្ទសក៍» ដែលចេញលក់នៅថ្ងៃទី១៨ ខែតុលា អ្នកសារព័ត៌មានទាំងពីររូប បានរកឃើញទំនាក់ទំនងដ៏ស្អិតល្មួត រវាងអគ្គមគ្គុទេសក៍លីប៊ី លោក Kadhafi ជាមួយលោក Sarkozy និងក្រុមមន្ត្រីជំនិតមួយចំនួនទៀតរបស់លោក ពាក់ព័ន្ធនឹងការទទួលយកប្រាក់ ០៥លានអឺរ៉ូ ពីអតីតមេដឹកនាំលីប៊ីរូបនេះ ទៅប្រើប្រាស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំង នៅឆ្នាំ២០០៧។
ជាងនេះទៅទៀត បើតាមអ្នកសារព័ត៌មាន Médiapart ដដែល ប្រាក់ ០៥លានអឺរ៉ូនេះ ត្រូវបានប្រគល់តាមរយៈអ្នកជំនួញសញ្ជាតិបារាំងដើមកំណើតលីបង់ លោក ហ្ស៊ីអាដ តាឃីដឌីន (Ziad Takieddin) ជាបីដំណាក់កាល ក្នុងនោះប្រគល់ឱ្យលោក ក្លូដ គេអាន (Claude Guéant) ជាអតីត នាយកខុទ្ទកាល័យក្រសួងមហាផ្ទៃបារាំងចំនួនពីរលើក និងមួយលើកប្រគល់ដល់ដៃ លោក Sarkozy ផ្ទាល់តែម្ដង ហើយមិនតែប៉ុណ្ណោះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លីប៊ី ក៏ធ្លាប់បានសន្យាផ្ដល់ ប្រាក់ ៥០លានអឺរ៉ូ ឱ្យអតីតប្រធានាធិបតីបារាំងរូបនេះផងដែរ។
គួររំលឹកថា កាលពីឆ្នាំ២០១១ បារាំង សហរដ្ឋអាមេរិក និងអង់គ្លេស បានបញ្ជូនកងកាម៉្មង់ដូរពិសេសរបស់ខ្លួន ឱ្យទៅធ្វើអន្តរាគមន៍ជួយផ្ដួលរំលំរបបដឹកនាំ លោក Mouammar Kadhafi ដែលពួកគេហៅថា របបផ្ដាច់ការដើម្បីស្វែងរកសន្តិភាព និងប្រជាធិបតេយ្យជូនប្រជាជនលីប៊ី។ ប៉ុន្តែក្រោយ លោក Kadhafi ត្រូវគេបាញ់ស្លាប់តៃហោង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ លីប៊ីត្រូវបែងចែកជាពីរ ហើយជម្លោះ និងអំពើហិង្សានៅតែបន្តកើតមានមកទល់នឹងពេលបច្ចុប្បន្ន។ ដោយឡែក ជុំវិញមរណៈភាពនេះដែរ ក្រុមអង្គការចំនួន ១៥ នៅអាហ្រ្វិកបានដាក់ពាក្យបណ្ដឹង ប្រឆំាងនឹងលោក Nicolas Sarkozy ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្រោមបទចោទថា លោកជាអ្នកនៅពីក្រោយការស្លាប់របស់ លោក Kadhafi និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ក៏ដូចជាបង្កអស្ថេរភាពនៅអាហ្វ្រិកខាងជើងទាំងមូល៕