(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា សហរដ្ឋអាមេរិកបានចាត់ទុកថាមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺជាអ្នកទទួលខុសត្រូវលើវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបច្ចុប្បន្ន ហើយដែលនេះគឺបង្ហាញពីការយល់ឃើញខុសគ្នា ជាមួយរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក ធីល្លឺសុន បានលើកឡើងយ៉ាងដូច្នេះថា «យើងពិតជាមានការព្រួយបារម្ភក្រៃលែង ចំពោះអ្វីដែលកំពុងកើតឡើងលើជនជាតិរ៉ូហ៊ីងយ៉ា ក្នុងប្រទេសមីយ៉ាន់ម៉ា ... ខ្ញុំបានទាក់ទងជាមួយលោកស្រី អោងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល ដូចដែលអ្នកបានដឹងថា នេះគឺជាការចែករំលែកអំណាចនៃរដ្ឋាភិបាល ហើយយើងបានចាត់ ទុកថា មេដឹកនាំយោធាគឺជាអ្នកទទួលខុសត្រូវ លើអ្វីដែលកំពុងកើតឡើង។ ក៏ប៉ុន្តែចូរចាំទុកថា សហរដ្ឋអាមេរិកនឹងមិនឈរនៅស្ងៀម ចំពោះមុខអំពើសាហាវឃោឃៅដែលត្រូវបានរាយការណ៍នាពេលថ្មីៗនេះទេ»។
គួររំលឹកថា អំពើហិង្សានៅក្នុងរដ្ឋ Rakhine បានផ្ទុះឡើងកាលពីថ្ងៃទី២៥ ខែសីហា ដោយបណ្ដាលឱ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត និងជនជាតិរូហ៊ីងយ៉ាច្រើនជាងកន្លះលាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស បើទោះជាដឹងថា ត្រូវប្រឈមមុខនឹងគ្រោះថា្នក់ដល់អាយុជីវិត នៅពេលធ្វើដំណើរក៏ដោយ៕