(ម៉ូស្គូ)៖ កម្មវិធី Deep Space Gateway ជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA មានគោលដៅដើម្បីបង្កើត មូលដ្ឋានក្បែរឋានព្រះច័ន្ទមួយ នៅក្នុងចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ដកស្រង់ដោយសារព័ត៌មាន TASS នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។
ប្រធានទីភ្នាក់ងារ Roscosmos លោក អ៊ីហ្គ័រ កាម៉ារ៉ូវ (Igor Kamarov) បានថ្លែងថា កម្មវិធីខាងលើត្រូវបានរចនាឡើង ដើម្បីបង្កើតមូលដ្ឋានក្បែរឋានព្រះច័ន្ទនៅចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៦ ហើយយើងបានព្រមព្រៀងថា នឹងធ្វើការរួមគ្នា ដោយវាគឺជាក្តីប្រាថ្នារបស់ NASA និង Roscosmos។ ពួកយើងក៏បើកចំហស្វាគមន៍ប្រទេសដទៃៗទៀត នៅក្នុងគម្រោងនេះផងដែរ ហើយពុំមែនសម្រាប់តែអ្នកដែលកំពុងចួលរួម នៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ ISS នោះឡើយ។
លោក Kamarov បានបន្តថា ទីភ្នាក់ងារអវកាស Roscosmos បានមើលឃើញថា បណ្តាប្រជាជាតិនៅអាស៊ី និងអាមេរិកឡាទីន កំពុងតែមានចំណាប់អារម្មណ៍ខ្លាំងក្នុងវិស័យអវកាសនេះ តាមរយៈការចូលរួមក្នុងកម្មវិធីសាកល្បង ក៏ដូចជាធ្វើតេស្តផ្សេងៗ ហើយលោកសង្ឃឹមថា ប្រទេសជាច្រើនជុំវិញពិភពលោក នឹងចូលរួមនៅក្នុងគម្រោង Deep Space Gateway ថែមទៀត។
គួរបញ្ជាក់ថា កាលពីចុងខែកញ្ញាកន្លងទៅ ទីភ្នាក់ងារអវកាសអាមេរិក NASA និងសមភាគីរុស្ស៊ី Roscosmos បានចេញសេចក្តីប្រកាស ស្តីពីកិច្ចសហប្រតិបត្តិការលើការសាងសង់ស្ថានីយ៍អវកាស ដែលដើរតួនាទីប្រៀបដូចជាកំពង់ផែមួយ នៅក្នុងគន្លងនៃឋានព្រះច័ន្ទ៕