(វ៉ាស៊ីនតោន)៖ អ្នកជំនាញអាមេរិកម្នាក់ ផ្នែកកិច្ចការសន្តិសុខតំបន់អាស៊ីខាងកើត លោក ហ្គរដុង ឆាង (Gordon Chang) បានចោទប្រកាន់ឥតលាក់លៀមថា ចិនបានជួយកូរ៉េខាងជើងក្នុងការផលិតមីស៊ីល ផ្លោងតាមរយៈការផ្គត់ផ្គង់បរិក្ខាយោធា និងបច្ចេកវិទ្យាដល់មហាមិត្តរបស់ខ្លួនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។
លោក Gordon Chang ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News កាលពីថ្ងៃពុធ។ លោក Chang បានគូសបញ្ជាក់ដូច្នេះថា «ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួយបំពាក់បំប៉នរបបដឹកនាំទីក្រុងព្យុងយ៉ាង ជាមួយការផ្ដល់អាវុធ បរិក្ខាយោធា និងបច្ចេកវិទ្យាជាច្រើន។ ជាក់ស្ដែង មីស៊ីល ICBM ដែលកូរ៉េខាងជើងបានធ្វើតេស្ដកាលពីថ្ងៃទី០៤ និងថ្ងៃទី២៨ ខែកក្កដា ត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ធ្វើតេស្ដមីស៊ីល ដោយរថយន្ដបាញ់មីស៊ីលរបស់ចិន ហើយមិនតែប៉ុណ្ណោះ ការបាញ់សាកល្បងមីស៊ីលកាលពីខែសីហា ឆ្នាំ២០១៦ និង ខែកុម្ភៈ និងឧសភា ឆ្នាំ២០១៧នេះ ក៏ទំនងជាបានប្រើប្រាស់នាវាមុជទឹកបាញ់មីស៊ីល JL-1 របស់ចិនផងដែរ។
គួរបញ្ជាក់ថា ប្រឈមមុខនឹងសម្ពាធពីសហរដ្ឋអាមេរិក ចិនត្រូវបង្ខំចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ខណៈអ្នកជំនាញខ្លះនៅតែយល់ថា នេះមិនមែនមានន័យថា ទីក្រុងប៉េកាំង បោះបង់ចោលកូរ៉េខាងជើងនោះឡើយ។ តែទោះជាបែបនេះក្ដី លោក Gordon Chang ក៏យល់ដែរថា បើចង់ដោះស្រាយជាមួយកូរ៉េខាងជើង គួរតែនិយាយឱ្យត្រូវគ្នាជាមួយចិនជាមុនសិន ជាពិសេសនៅក្នុងឱកាសដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញដំណើរទស្សនកិច្ចមកកាន់តំបន់តំបន់អាស៊ីនៅថ្ងៃទី០៧ ខែវិច្ឆិកា ខាងមុខនេះ៕