(បាងកក)៖ ព្រះមហាក្សត្រថៃព្រះបាទ មហា វិច្ឆិរ៉ាឡុងកន នាថ្ងៃពុធសប្តាហ៍នេះ បានយាងចូលរួមព្រះរាជពិធីបិទបញ្ចប់ ការសាងសង់ទីកន្លែងថ្វាយព្រះភ្លើង (ព្រះមេន ឬព្រះមេរុ) ដែលនឹងត្រូវប្រើប្រាស់នៅក្នុង ព្រះរាជពិធីបុណ្យសពរបស់ព្រះបិតាទ្រង់ គឺអតីតព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាឌុលយ៉ាងដេត នាថ្ងៃទី២៦ ខែតុលា សប្តាហ៍ក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។
អ្នកកាន់ទុក្ខរាប់ម៉ឺននាក់ ត្រូវគេរំពឹងថានឹងមកស្នាក់នៅក្បែរព្រះបរមរាជវាំងថៃ ដើម្បីចាំតាមដានព្រះរាជពីធីបុណ្យជាប្រវត្តិសាស្រ្តមានរយៈពេល០៥ថ្ងៃនេះ (ពីថ្ងៃទី២៥ ដល់២៩ ខែតុលា) ដែលវាគឺជាឱកាសនៃការនិយាយលាចុងក្រោយ ទៅកាន់ព្រះអង្គ ភូមិបុល អាឌុលយ៉ាដេត ជាទីគោរពស្រឡាញ់របស់ប្រជាជនថៃ និងជាក្សត្រដែលបានគ្រប់គ្រងប្រទេសថៃ ចាប់តាំងតែពីឆ្នាំ១៩៤៦ រហូតដល់ថ្ងៃទ្រង់សោយទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅឯមន្ទីរពេទ្យក្នុងរាជធានីបាងកក។
រដ្ឋមន្រ្តីការបរទេសថៃលោក ដុន ប្រាមុដវីណៃ (Don Pramudwinai) បានថ្លែងឲ្យដឹងថា ឥស្សរជនមកពីបរទេសយ៉ាងតិច ៣០រូប នឹងអញ្ជើញមកចូលរួម ពិធីថ្វាយព្រះភ្លើងដល់ព្រះសពព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ហើយចំនួននេះអាចនឹងកើនឡើងថែមទៀត។ ឥស្សរជនដែលបញ្ជាក់ពីវត្តមាននៅក្នុងព្រះរាជពិធីនេះ រួមមាន ព្រះចៅប៊ូតាន ជីកមេ ខេសារ វ៉ាងឆាក់ (Jigme Khesar Namgyel Wangchuck), ព្រះម្ចាស់ក្សត្រីយ៍ហូឡង់ ម៉ាកស៊ីម៉ា (Maxima), ព្រះម្ចាស់ក្សត្រីយ៍ប៊ែលហ្សិក ម៉ាធីលដេ (Mathilde), រាជទាយាទន័រវែសព្រះអង្គម្ចាស់ ហាអាខុន (Haakon), ព្រះបុត្រាជប៉ុន ព្រះអង្គម្ចាស់ អាគីស៊ីណុ (Akishino), អគ្គទេសាភិបាលអូស្រ្តាលីលោក ភីធឺ ខូសហ្គ្រូវ (Peter Cosgrove), និងប្រធានាធិបតីសិង្ហបុរីលោក ហាលីម៉ាហ៍ យ៉ាខូប (Halimah Yacob)។
គួរបញ្ជាក់ថា មនុស្សប្រមាណ ១២លាននាក់ ដែលជិតស្មើនឹង ០១ភាគ០៦ នៃប្រជាជនថៃសរុប បានចូលសម្តែងការគោរពរបស់ពួកគេ ដល់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅឯព្រះបរមរាជវាំងទីក្រុងបាងកក (Grand Palace) ជាទីដែលព្រះសពរបស់ទ្រង់ កំពុងតម្កល់នៅ។ ដោយឡែកនៅថ្ងៃទី២៦ ខែតុលាខាងមុខនេះ ដែលត្រូវបានថៃប្រកាសជាថ្ងៃបុណ្យជាតិឈប់សម្រាកនោះ នឹងជាពេលវេលាបញ្ចប់នៃការកាន់ទុក្ខរយៈពេលមួយឆ្នាំកន្លងមក៕