(ព្យុងយ៉ាង)៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគ្រប់គ្នាស្គាល់ថាកូរ៉េខាងជើងនោះ បានប្រកាសថ្កោលទោសធ្ងន់ៗ ចំពោះសមយុទ្ធយោធាជើងទឹកជាថ្មី រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ដែលជាព្រឹត្តិការណ៍ធំបំផុត មិនធ្លាប់កើតមានពីមុនមកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។
អ្នកនាំពាក្យគណៈកម្មាធិការ ដោះស្រាយគ្រាមានអាសន្នរបស់កូរ៉េខាងជើង ប្រឆាំងនឹងសមយុទ្ធនុយក្លេអ៊ែរ បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការធ្វើសមយុទ្ធនេះ គឺបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងបញ្ចេញចេតនាកាន់តែច្បាស់ទៅរកការធ្វើសង្គ្រាមនៅតំបន់ឧបទ្វីបកូរ៉េ ទោះបីស្ថិតនៅក្នុងតម្លៃណាក៏ដោយ»។ កូរ៉េខាងជើងសង្កត់ធ្ងន់ទៀតថា «សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងតែសម្លឹងមើលឱកាស ដើម្បីធ្វើការវាយប្រហារដោយរៀបចំទុកជាមុន មកលើទីក្រុងព្យុងយ៉ាង»។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានគំរាមកម្ទេចសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិក ដោយធ្វើការធ្វើវាយប្រហារបញ្ចប់តែមួយលើក ឬឲ្យមានផ្សែងហុយតែមួយទីតាំងប៉ុណ្ណោះ។ សមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង បាននឹងកំពុងតែប្រព្រឹត្តនៅក្នុងដែនទឹកក្បែរឧបទ្វីបកូរ៉េ ដោយមានការចូលរួមពី នាវាដឹកយន្តហោះចម្បាំង-នុយក្លេអ៊ែរ Ronald Reagan មួយគ្រឿង, នាវាមុជទឹកនុយក្លេអ៊ែរបីគ្រឿង, នាវាចម្បាំង ៤០គ្រឿង (នាវាពិឃាត Aegis) និងយន្តហោះចម្បាំងជាច្រើនគ្រឿងទៀត ដែលមើលទៅពិតជាគគ្រឹកគគ្រេង មិនធ្លាប់មាននោះឡើយ៕