(បាកដាដ)៖ កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ បានក្រសោបយកតំបន់សំខាន់ៗចំនួនពីរពីក្រុមឃើដដោយជោគជ័យ ស្ថិតនៅក្នុងខេត្ត ឌីយ៉ាឡា (Diyala) ដែលស្ថិតនៅក្បែរទីក្រុងម៉ូស៊ូល ដែលក្រុមឃើដស្វះស្វែងដណ្តើមបានពីពួក ISIS។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។
សម្រាប់តំបន់ដែលត្រូវបានដណ្តើមយកមកគ្រប់គ្រងទាំងស្រុងនោះ គឺជាទីតាំងដែលស្ថិតនៅក្នុងជម្លោះជាយូរណាស់មកហើយ រវាងកងទ័ពឃើដ និងអ៊ីរ៉ាក់។ រដ្ឋមន្ត្រីមួយរូបរបស់ក្រុមឃើដ គឺលោក ហ្សាប់បារ យ៉ាវ៉ា (Jabbar Yawar) បានប្រាប់បណ្តាញព័ត៌មានខាងលើនេះ យ៉ាងដូច្នេះថា «ប្រតិបត្តិការយោធានៅតែបន្ត ជាពិសេសេនៅតំបន់ទាំងពីរ។ មានការសម្លាប់រង្គាលជាច្រើន កើតឡើងនៅតំបន់នានានៃខេត្ត ឌីយ៉ាឡា ហើយប្រតិបត្តិផ្សេងៗទៀតក៏កំពុងសំដៅមុខព្រួញ មកកាន់តំបន់ទីក្រុងម៉ូស៊ុលផងដែរ»។
គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងក្រុមឃើដ និងរដ្ឋាភិបាលអ៊ីរ៉ាក់ បានកើតមានឡើងបន្ទាប់ពីក្រុមឃើដ នៅតែបង្ហាញចេតនាចង់ប្រកាសឯករាជ្យ ដោយមិនស្តាប់តាមឱសានវាទរបស់ទីក្រុងបាកដាដ។ នេះគឺជាក្តីព្រួយបារម្ភតាំងពីការដួលរលំភ្លាមៗរបស់ពួក ISIS នៅទីក្រុងម៉ូស៊ូលមកម្ល៉េះ ដោយក្រុមឃើដដែលជាអ្នកមានស្នាដៃក្នុងរឿងនេះ បានបញ្ចេញចេតនារាប់រយឆ្នាំរបស់ខ្លួន ក្នុងការបង្កើតប្រទេសឯករាជ្យមួយ ដោយយកទីក្រុងអឺប្រ៊ីល (Erbril) នៅក្នុងទឹកដីអ៊ីរ៉ាក់ ធ្វើជារដ្ឋធានី។
ឆ្លើយតបនឹងការចង់ហែកយកទឹកដីរបស់ខ្លួន រដ្ឋាភិបាលអ៊ីរ៉ាក់បានព្រមានថា ខ្លួននឹងប្រើប្រាស់កម្លាំងបាយទប់ទល់ចេតនាចង់ធ្វើឲ្យមានការបែងចែកទឹកដី ហើយទឹកដីរបស់ឃើដបានអះអាង នោះគឺជាទឹកដីរបស់អ៊ីរ៉ាក់ ទោះបីជាជនជាតិឃើដនៅទីនោះ ៩០ភាគរយ បានបោះឆ្នោតទាមទារឯករាជ្យ ផ្តាច់ខ្លួនពីអ៊ីរ៉ាក់ក៏ដោយ៕