(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងមិនត្រូវបានគេស្គាល់ឡើយថាជាប្រទេសមានបច្ចេកវិទ្យាទំនើបៗ។ ប្រទេសឯកកោមួយនេះ ក៏គ្មានដែរក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Apple ឬ Samsung ហើយ ប្រជាជនរបស់ខ្លួនត្រូវបានហាមមិនឱ្យប្រើទូរសព្ទដៃស្មាតហ្វូន ឬក៏អ៊ីនធឺណែតទៅទៀត។ ក៏ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រោមរបបដឹកនាំរបស់លោកគីម ជុងអ៊ុន ទីក្រុងព្យុងយ៉ាង ហាក់ ដូចជារីកមុខរីកមាត់ខាងវាយប្រហារផ្នែកព័ត៌មានវិទ្យា ឬ Hack ប្រព័ន្ធកុំព្យូទ័រនៅទូទាំងពិភពលោក។ ជាក់ស្ដែង កាលពីប៉ុន្មានសប្ដាហ៍មុននេះ ក្រុមមន្ត្រីកូរ៉េខាងត្បូង បានចោទប្រកាន់ កូរ៉េខាងជើងថាបានចូលលួចទិន្នន័យមួយចំនួនពាក់ព័ន្ធនឹងផែនការយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ព្រមទាំងលួចលុយបានជាង៦០លានដុល្លារពីធនាគារតៃវ៉ាន់មួយ ផងដែរ។
កូរ៉េខាងជើងមានបច្ចេកវិទ្យាអ្វីខ្លះ?
របបដឹកនាំលោក គីម ជុងអ៊ុន បានដាក់កំហិតលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតយ៉ាងខ្លំាងនៅក្នុងប្រទេស ដើម្បីការពារកុំឱ្យព័ត៌មានសម្ងាត់រដ្ឋត្រូវគេលួច។ ដូច្នេះប្រជាជនកូរ៉េខាងជើងអាច ចូលមើលបានត្រឹមតែគេហទំព័ររដ្ឋាភិបាល និងទីភ្នាក់ងាររដ្ឋតែប៉ុណ្ណោះ ហើយអ្នកដែលផ្គត់ផ្គង់អ៊ីនធឺណែតដ៏ធំរបស់កូរ៉េខាងជើងគឺក្រុមហ៊ុនចិន China United Network Communications Ltd។ ប៉ុន្តែនៅក្នុងខែតុលានេះ ក្រុមហ៊ុនទូរគមនាគម៍រុស្ស៊ីមួយ ក៏ទទួលបានសិទ្ធិផ្គត់ផ្គង់បណ្ដាញអ៊ីនធឺណែតទី២ ឱ្យទីក្រុងព្យុងយ៉ាងដែរ។ មួយវិញទៀត បើតាម លោក Fergus Hanson ជាប្រធានមជ្ឈមណ្ឌលអន្តរជាតិគោលនយោបាយព័ត៌មានវិទ្យា នៃវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្រាលី បច្ចុប្បន្នកូរ៉េខាងជើងមានបុគ្គលិក Hacker គ្រាំទ្រ ដោយរដ្ឋជាង១៧០០នាក់ និងបុគ្គលិក (IT) ច្រើនជាង ៥០០០នាក់។
តើ Hacker កូរ៉េខាងជើងចាប់ផ្ដើមធ្វើការយ៉ាងដូចម្ដេច?
យោងតាមក្រុមអ្នកជំនាញ កូរ៉េខាងជើងបានបង្កើតអង្គភាពមួយឈ្មោះ Unit 121 ឬអាចហៅម្យ៉ាងទៀត បានថាអ្នកចម្បាំងព័ត៌មានវិទ្យាកាលពីជាង២០ឆ្នាំមុនមកម្ល៉េះ ពោលគឺនៅក្រោមការ ដឹកនាំរបស់លោក គីម ជុលអ៊ីល (ត្រូវជាឪពុក លោក គីម ជុងអ៊ុន)។ អង្គភាពមួយនេះ បានចាប់ផ្ដើមធ្វើឱ្យគេគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនៅឆ្នាំ២០០៤ បន្ទាប់ពីត្រូវគេចោទថាបាន Hack បណ្ដាញទំនាក់ទំនង Wireless របស់យោធាកូរ៉េខាងត្បូង ព្រមទាំងព្យាយាមបង្កើតលេខកូដជាច្រើនដើម្បីអុកឡុកប្រព័ន្ធកុំព្យូទ័រ។ បន្ទាប់មកទៀត ឆ្នាំ២០១១ ប៉ូលិសកូរ៉េខាងត្បូងបាន ចាប់ខ្លួនមនុស្ស៥នាក់ ក្រោមបទចោទប្រកាន់ថា ឃុបឃិតជាមួយក្រុម Hacker កូរ៉េខាងជើងចូលលួចលុយរាប់លានដុល្លារតាមរយៈហ្គេមអនឡាញ (online games)។ ក៏ប៉ុន្តែកាត្ដាដែល គេមើលឃើញថាកូរ៉េខាងជើងកាន់តែមានសមត្ថភាពខាងព័ត៌មានវិទ្យាគឺកាលពីឆ្នាំ២០១៦ កូរ៉េខាងជើងត្រូវគេជឿជាក់ថាបានលួចលុយ៨១លានដុល្លារពីធនាគារកណ្ដាលបង់ក្លាដែស ហើយ រឹតតែច្បាស់ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៧នេះតែម្ដង ក្រុមអ្នកជំនាញអាមេរិក និងកូរ៉េខាងត្បូងបានចង្អុលមុខរបបដឹកនាំលោក គីម ជុងអ៊ុនថាជាអ្នកនៅពីក្រោយការបង្កើតវីរុស WannaCry ដែលបានវាយប្រហារលើកុំព្យូទ័រជាង ៣០០,០០០គ្រឿង នៅទូទាំងពិភពលោក ខណៈដើម្បីដំណើរការណ៍កុំព្យូទ័រឡើងវិញ អ្នកប្រើប្រាស់ត្រូវបង់លុយ៣០០ដុល្លារឱ្យក្រុម Hacker ក្នុងរយៈពេល៧២ ម៉ោង។
តែទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើង បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ ដោយអះអាងថាខ្លួនមិនដែលបាន ជាប់ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារព័ត៌មានវិទ្យា (Hack) ម្ដងណាឡើយ៕
ប្រភព៖ Bloomberg