(វ៉ាស៊ីនតោន)៖ ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ សាជាថ្មីម្តងទៀតបានវាយប្រហារពាក្យសម្តី ទៅលើបណ្តាញសារព័ត៌មាន ក្នុងប្រទេសរបស់លោក ដែលលោកបានចោទថា ធ្វើសេចក្តីរាយការណ៍មិនពិត ដោយលើកនេះតាមរយៈប្រព័ន្ធទាក់ទងសង្គម Twitter លោក ត្រាំ បានចង្អុលមុខប្រព័ន្ធផ្សព្វផ្សាយចំនួន០៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានបង្ហោះសារលើ Account Twitter ផ្លូវការរបស់លោកថា «ព័ត៌មានក្លែងក្លាយដ៏ច្រើនលើសលប់ កំពុងត្រូវបានបោះពុម្ពផ្សាយតាមរយៈទស្សនាវដ្តី និងកាសែត ដែលតែកំពុងបាត់បង់ប្រជាប្រិយភាព ហើយកន្លែងដែលអាក្រក់ជាងនេះទៅទៀតនោះ ប្រហែលជានៅស្ថានីយ៍ទូរទស្សន៍ NBC News, CBS News, ABC News, និង CNN ដែលសុទ្ធតែជាអ្នកនិពន្ធរឿងប្រឌិតសុទ្ធសាធ»។
ដោយឡែក លោក ត្រាំ មិនបានរៀបរាប់លម្អិតអំពីសេចក្តីរាយការណ៍ជាក់លាក់ណាមួយ ដែលត្រូវបានរាយការណ៍ដោយស្ថាប័នព័ត៌មានទាំងនេះឡើយ ក៏ប៉ុន្តែការប្រើប្រាស់ពាក្យពេចន៍ ចំអកឡកលើយជាថ្មីម្តងទៀតបែបនេះ ធ្វើឡើងប្រមាណជា ០១សប្តាហ៍ ក្រោយពីរូបលោកបានស្តីបន្ទោស NBC News ជុំវិញការចុះផ្សាយថា លោក បានបញ្ជាឲ្យបង្កើនចំនួនអាវុធនុយក្លេអ៊ែរអាមេរិក និងរឿងរដ្ឋមន្រ្តីការបរទេស លោក រ៉ិច ធីល្លឺសុន មានចេតនាចង់ចុះចេញពីតំណែង និងធ្លាប់បានហៅលោក ត្រាំ ថាជាមនុស្សល្ងន់ខ្លៅឡប់សតិ ពីក្រោយខ្នង។
គួរបញ្ជាក់ថា បណ្តាញទូរទស្សន៍អាមេរិក NBC, CBS, និង ABC សុទ្ធតែត្រូវបានបង្កើតឡើងតាំងពីសម័យទសវត្សរ៍១៩៤០ ហើយអាចមើលឃើញនៅស្ទើរតែគ្រប់លំនៅឋានទាំងអស់ និងមានសាខារាប់រយកន្លែង ខណៈ CNN បានចាប់កំណើតឡើងកាលពីឆ្នាំ១៩៨០៕