(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ទីក្រុងប៉េកាំងមានបំណងធ្វើទំនើបកម្មកងកម្លាំងរបស់ខ្លួន ឱ្យបានត្រឹមឆ្នាំ២០៣៥ ដើម្បីឆ្លើយតបយ៉ាងពេញលេញ ទៅនឹងបញ្ហាប្រឈម និងតម្រូវការក្នុងសម័យទំនើប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អង្គសមាជបក្សកុម្មុយនីស្ដចិនលើទី១៩ នៅថ្ងៃពុធនេះ លោក ស៊ី ជិនពីង បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងធ្វើឱ្យបេសកកម្មក្នុងការធ្វើទំនើបកម្មវិស័យការពារជាតិ និងកងកម្លាំងរបស់យើង ត្រូវបញ្ចប់ជាមូលដ្ឋានទាំងស្រុងនៅឆ្នាំ២០៣៥... ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ចិនក៏ត្រូវអនុវត្តន៍យ៉ាងពេញលេញផងដែរ នូវគោលគំនិតរបស់បក្សសំដៅពង្រឹងកងទ័ព ឱ្យចូលទៅក្នុងយុគសម័យថ្មី និងសម្របខ្លួនទៅតាមលក្ខខ័ណ្ឌយុទ្ធសាស្ត្រយោធា»។
គួរបញ្ជាក់ថា បើតាមលោក ស៊ី ជិនពីង ចិនគួរតែបង្កើតកងទ័ពដែលមានថាមពល និងទំនើបបំផុត ជាមួយនឹងការធ្វើទំនើបកម្មកងនាវា កងកម្លំាងទ័ពអាកាស កងកម្លាំងគ្រាប់រ៉ុក្កែត និងកងកម្លំាងយុទ្ធសាស្ត្រ ព្រមទាំងការបង្កើតប្រព័ន្ធប្រយុទ្ធទំនើបៗផងដែរ។ ដោយឡែកកាលពីពេលថ្មីៗនេះ សម្ព័ន្ធមិត្តចិន គឺប្រទេសរុស្ស៊ី ក៏បានធ្វើការប្តេជ្ញាបង្កើនសមត្ថភាពសព្វាវុធគ្រប់ប្រភេទ ដើម្បីទប់ទល់នឹងការកើតឡើង នៃអំណាចសហរដ្ឋអាមេរិកផងដែរ៕