(វ៉ាស៊ីនតោន)៖ ក្រុមតារាវិទូដែលឃ្លាំមើលការទង្គិចគ្នារវាងផ្កាយប្រភេទ Neutron Star (ស្នូលផ្កាយ ឬតារាណឺត្រុងតូចៗ តែមានទំងន់ធ្ងន់) កាលពីប៉ុន្មានខែមុន បានឈានដល់ការសន្និដ្ឋានថា បណ្តាធាតុធ្ងន់ៗបំផុតនៅក្នុងចក្រវាឡរបស់យើង រួមមានទាំងលោហៈធាតុដ៏មានតម្លៃ ដូចជាមាស និងប្រាក់ ព្រមទាំងសារធាតុដូចជាអ៊ុយរ៉ាញ៉ូមនោះ ត្រូវបានបង្កើតឡើងក្នុងអំឡុងពេល នៃការរួមបញ្ចូលក៏ដូចជាប៉ះទង្គិចគ្នារវាង Neutron Star ដូចទៅនឹងបាតុភូតដែលពួកគេបានអង្កេតមើលនាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។
អ្នកវិទ្យាសាស្រ្ត តែងតែមានការងឿងឆ្ងល់ជាយូរណាស់មកហើយថា តើធាតុធ្ងន់ៗបំផុតនៅក្នុងចក្រវាឡ បានមកពីទីណា។ ទ្រឹស្តីនាំមុខគេនោះគឺថា ពួកវាត្រូវបានបង្កើតឡើងក្នុងលក្ខខណ្ឌដ៏ពិសេស នៅអំឡុងពេលការទង្គិចបញ្ចូលគ្នារវាងផ្កាយ Neutron Star ប៉ុន្តែពុំធ្លាប់មានភស្តុតាងណាមួយ អាចបញ្ជាក់គាំទ្រដល់ទ្រឹស្តីនេះឡើយ។
យ៉ាងណាមិញ ក្រុមតារាវិទូនៃមន្ទីរពិសោធន៍ Lawrence Berkeley National Laboratory បាននិយាយថា ការទង្គិចគ្នានៃ Neutron Star ដែលត្រូវបានឃ្លាំមើលនាពេលថ្មីៗនេះ គឺជាភស្តុតាងយ៉ាងជាក់ច្បាស់ សម្រាប់គាំទ្រទ្រឹស្តីនេះ។ Neutron Star ចំនួន០២ ដែលនីមួយៗមានទំហំប្រហាក់ប្រហែលនឹងប្រទេសដីកោះ Malta ប៉ុណ្ណោះ តែធ្ងន់ជាងព្រះអាទិត្យទ្វេដងនោះ បានបុកគ្នាយ៉ាងពេញទំហឹង កាលពីខែសីហាកន្លងទៅ នៅក្នុងព្រឹត្តិការណ៍មួយ ដែលគេឲ្យឈ្មោះថា «Kilonova»។ នាពេលនោះហើយ ដែលអ្នកវិទ្យាសាស្រ្តបានរកឃើញចម្លើយ សម្រាប់ការងឿងឆ្ងល់របស់ពួកគេ។
គួរបញ្ជាក់ថា ភ្លាមៗក្រោយពីបាតុភូត «Big Bang» ដែលបង្កើតចេញជាចក្រវាឡនោះ មានវត្តមានធាតុតែចំនួន ០២ប៉ុណ្ណោះគឺ អ៊ីដ្រូសែន និងអេល៉្យូម។ បន្ទាប់មកនៅពេលដែលផ្កាយចាប់កំណើតឡើង ហើយចាប់ផ្តើមដំណើរការ Nuclear Fusion ពួកវាក៏ចាប់ផ្តើមបង្កើតចេញជាធាតុថ្មីៗ និងធ្ងន់ជាងមុន ប៉ុន្តែដំណើរការនេះទទួលបន្ទុកសម្រាប់តែធាតុ ២៤ទៀតប៉ុណ្ណោះ នៅក្នុងតារាង Periodic Table ដូចជាកាបូន អុកស៊ីសែន និងដែកជាដើម។ ដូច្នេះហើយ ទើបអ្នកវិទ្យាសាស្រ្តមានចម្ងល់ថា តើធាតុដែលកើតចេញដោយធម្មជាតិដទៃៗទៀត បានមកពីណានោះ។
គួរជម្រាបបន្ថែមថា Neutron Star ដែលធ្លាប់ជាស្នូលរបស់ផ្កាយធំៗមហិមា ដែលបានឆ្លងកាត់បាតុភូតបន្ទុះ Supernova នោះ គឺជាវត្ថុដ៏ក្រាស់បំផុតទីពីរ នៅក្នុងចក្រវាឡ បន្ទាប់ពីប្រហោងខ្មៅ (Black Hole) បើតាមអ្នកវិទ្យាសាស្រ្តបានដឹង៕