(អាមេរិក)៖ ការធ្វើតេស្តសាកល្បងសមត្ថភាព រថយន្តបើកបរដោយស្វ័យប្រវត្តិ ឬដោយខ្លួនឯង នឹងចាប់ផ្តើមឡើងនាពេលឆាប់ៗខាងមុខនេះ នៅក្នុងរដ្ឋញូយ៉ករបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។
អាជ្ញាធររដ្ឋញូយ៉ក នឹងរួមសហការជាមួយក្រុមហ៊ុន General Motors និង Cruise Automation ដើម្បីចាប់ផ្តើមការធ្វើតេស្ត «រថយន្តបើកបរដោយស្វ័យប្រវត្តិ» នាអំឡុងដើមឆ្នាំ២០១៨ ខាងមុខ។ អភិបាលរដ្ឋ លោក អាន់ឌ្រូ ឃ្យូអូម៉ូ (Andrew Cuomo) បានប្រកាសថា «យានជំនះមានសក្តានុពល ដើម្បីសន្សំសំចៃពេលវេលា និងជួយសង្រ្គោះជីវិត ហើយពួកយើងពិតជាមានមោទនភាពណាស់ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន GM និង Cruise ពាក់ព័ន្ធនឹងអនាគតនៃបច្ចេកវិទ្យាដ៏គួរឲ្យរំភើប»។
គួរបញ្ជាក់ថា បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ នាយកដ្ឋានយានយន្ត ព្រមទាំងប៉ូលិសរដ្ឋញូយ៉ក នឹងធ្វើការជាមួយក្រុមហ៊ុន General Motors និង Cruise Automation ដើម្បីធានាថា រាល់ការធ្វើតេស្តសាកល្បងទាំងអស់ នឹងត្រូវតាមលក្ខខណ្ឌទាមទារនៃផ្នែកត្រួតពិនិត្យសុវត្ថិភាព៕