(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាថ្ងៃពុធនេះបានលើកឡើងទៀតថា គណបក្សកុម្មុយនិស្តចិន (CPC) មានទាំងការប្តេជ្ញា , ភាពជឿជាក់, និងសមត្ថភាពគ្រប់គ្រង ដើម្បីទប់ស្កាត់រាល់ចលនាព្យាយាមបំបែករដ្ឋ ដើម្បីឯករាជ្យកោះតៃវ៉ាន់ មិនថាក្រោមទម្រង់បែបណាឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។
ថ្លែងក្នុងរបាយកាណ៍ការងារ ដាក់ជូនអង្គសមាជជាតិទី១៩ ដែលបានចាប់ផ្ដើមបើកទ្វារប្រជុំ នៅព្រឹកថ្ងៃពុធនេះ នៅឯលាសមហាវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង លោកប្រធានាធិបតីចិន បានបញ្ជាក់ថា «CPC មានជំហរយ៉ាងរឹងមាំ ក្នុងការរក្សាការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន ហើយនឹងមិនអនុញ្ញាតឲ្យសោកនាដកម្ម នៃការបែកបាក់ជាតិកាលពីអតីតកាល កើតឡើងជាថ្មីម្តងទៀតនោះឡើយ»។ លោក ស៊ី បាននិយាយថា «យើងនឹងគ្មានថ្ងៃអនុញ្ញាតឲ្យបុគ្គល, ស្ថាប័ន, ឬក៏គណបក្សនយោបាយណាមួយ មិនថានៅក្នុងមូលហេតុ ឬទម្រង់បែបឡើយ អាចធ្វើការបំបែកទឹកដីណាមួយដែលជាផ្នែករបស់ចិន ចេញពីប្រទេសចិនជាដាច់ខាត»។
គួរបញ្ជាក់ថា ប្រតិភូច្រើនជាង ២,០០០នាក់ បានចូលរួមក្នុងសមាជបក្សកុម្មុយនីស្ដចិន ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង។ ការប្រជុំបិទទ្វារនេះត្រូវធ្វើឡើងក្នុងរយៈពេលប្រាំឆ្នាំម្ដង ដើម្បីកំណត់ថា នរណាជាអ្នកដឹកនាំប្រទេសចិនបន្ត និងទិសដៅរបស់ប្រទេសសម្រាប់អាណត្តិបន្ទាប់ ហើយសមាជបក្សកុម្មុយនីស្ដចិន ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅសប្ដាហ៍ក្រោយ៕