(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក សី ជិនពីង បានប្តេជ្ញាថា គណបក្សកុម្មុយនីស្ដចិន នឹងអភិវឌ្ឍន៍ប្រទេសចិន ឱ្យក្លាយទៅជាកំពូលប្រទេសសង្គមនិយមទំនើប នៅពាក់កណ្ដាលសតវត្សរ៍ទី២១ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។
លោក ស៊ី ថ្លែងបែបនេះនៅក្នុងរបាយកាណ៍ការងារ ដាក់ជូនអង្គសមាជជាតិទី១៩ ដែលបានចាប់ផ្ដើមបើកទ្វារប្រជុំ នៅព្រឹកថ្ងៃពុធនេះ នៅឯលាសមហាវិមានប្រជាជនចិ ក្នុងទីក្រុងប៉េកាំង។ នៅក្នុងរបាយការណ៍ដដែល ក្រោមចំណងជើងថា «ធានាឱ្យបាននូវជ័យជម្នះ ដ៏សំខាន់ក្នុងការកសាងសង្គមប្រកបដោយសុខមាលភាព និងខិតខំដើម្បីទទួលបានជ័យជម្នះដ៏អស្ចារ្យ នៃសង្គមនិយមតាមបែបចិនសម័យថ្មី» លោក ស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អរគុណសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា រាប់ទសវត្សរ៍មកនេះ... នេះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រថ្មីមួយ នៃការអភិវឌ្ឍរបស់ចិន។ យើងត្រូវតែផ្ដោតសំខាន់លើសង្គមនិយម មានលក្ខណៈចិន ក្នុងការកសាងសករាជថ្មី ដើម្បីលើកកម្ពស់បន្ថែម ទ្រឹស្ដី ម៉ាក-លេនីន, ម៉ៅ សេទុង និង តេង សៀវពីង ដែល ទ្រឹស្ដីទាំងបីនេះ តំណាងឱ្យទស្សនវិស័យវិទ្យាសាស្ត្រ ស្ដីពីការអភិវឌ្ឍ»។
គួរបញ្ជាក់ថា ប្រតិភូច្រើនជាង ២,០០០នាក់ បានចូលរួមក្នុងសមាជបក្សកុម្មុយនីស្ដចិន ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង។ ការប្រជុំបិទទ្វារនេះត្រូវធ្វើឡើងក្នុងរយៈពេលប្រាំឆ្នាំម្ដង ដើម្បីកំណត់ថា នរណាជាអ្នកដឹកនាំប្រទេសចិនបន្ត និងទិសដៅរបស់ប្រទេសសម្រាប់អាណត្តិបន្ទាប់ ហើយសមាជបក្សកុម្មុយនីស្ដចិន ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅសប្ដាហ៍ក្រោយ៕