ស្ថានការណ៍នយោបាយជប៉ុន៖ គណបក្ស LDP របស់លោក ស៊ីនហ្សូ អាបេ នឹងឈ្នះក្នុងការបោះឆ្នោត នាចុងសប្តាហ៍នេះ!
18-10-2017 10:28
(តូក្យូ)៖ ក្រុមចំរុះនយោបាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ កំពុងដើរលើផ្លូវឆ្ពោះទៅរក «ការក្ដោបក្ដាប់សំឡេងពីរភាគបី» នៅក្នុងការបោះឆ្នោតសភាជាន់ទាប នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ខណៈគណបក្សអភិរក្សនិយម ដឹកនាំដោយអភិបាលក្រុងតូក្យូលោកស្រី យូរីកុ កូអ៊ីកេ (Yuriko Koike) ហាក់ដូចជាបាត់បង់សន្ទុះគាំទ្រ។ នេះបើតាមការស្ទង់មតិរបស់ Kyodo ដកស្រង់ដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។
ប្រជាជនជប៉ុន នឹងទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសភាជាន់ទាបទាំង ៤៦៥នាក់ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ ដោយឡែកទន្ទឹមគ្នានោះដែរ បើតាមការស្ទង់មួយធ្វើឡើងដោយសារព័ត៌មានជប៉ុន Kyodo ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា បង្ហាញថា គណបក្សសេរីប្រជាធិបតេយ្យ (LDP) របស់ លោក អាបេ អាចនឹងទទួលបានជ័យជម្នេះ ដោយដណ្ដើមបានកៅអី ២៨០អាសនៈ នៅក្នុង ចំណោមអាសនៈសរុបនៃសភាជាន់ទាបទាំង ៤៦៥។
មិនតែប៉ុណ្ណោះ បើយកអាសនៈទាំងនេះ ទៅបូកផ្សំជាមួយអាសនៈរបស់គណបក្សជាដៃគូ នោះLDP អាចនឹងនៅតែរក្សាសំឡេងពីរភាគបីដដែល ដូចមុនពេលសភាជាន់ទាបត្រូវបាន លោក អាបេ ប្រកាសរំលាយ។ ទោះបីជាយ៉ាងណាបើតាមការស្ទង់មតិនេះ ប្រជាជនជប៉ុនពីរភាគប្រំា ដែលត្រូវបានសម្ភាសន៍ «ពួកគេមិនទាន់សម្រេចចិត្តនៅឡើយទេ»។
គួរបញ្ជាក់ថា បើតាម Reuters ក្រុមហ៊ុនជប៉ុនជាច្រើនចង់ឱ្យក្រុមចំរុះ លោក អាបេ គ្រប់គ្រងប្រទេសដដែល ក៏ប៉ុន្តែពួកគេមិនចង់ឱ្យនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីពេកនោះទេ ហើយមូលហេតុគឺដើម្បីរក្សាស្ថេរភាពនយោបាយ៕