(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឆេះភ្លើងជម្លោះដែលរលត់បាត់ តាំងពីរយូរណាស់មកហើយជាថ្មីម្តងទៀត ជាមួយនិងព្រឹទ្ធសមាជិកជាន់ខ្ពស់ លោក ចន ម៉ាកខេន (John McCain) ដោយព្រមានថា លោកនឹងតដៃទៅវិញ ហើយវានឹងមិនល្អមើលនោះឡើយ បន្ទាប់ពីអ្នកនយោបាយជើងចាស់ដ៏ល្បីឈ្មោះរូបនេះ ទំនងជាបានថ្លែងរិះគន់សំដៅលើ លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។
ថ្លែងក្នុងព្រឹត្តិការណ៍មួយ នៅឯទីក្រុង ហ្វីឡាឌែលហ្វ្យ៉ា (Philadelphia) នៃរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) ដើម្បីរំលឹកពីស្នាដៃនានា ដែលលោកសម្រេចបាននៅក្នុងជីវិតលោក John McCain បានបង្ហាញគោលជំហរប្រឆាំងនឹង «នយោបាយយកអាមេរិកជាធំ» ដែលដាក់ចេញដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។ ជុំវិញរឿងនេះ លោក ត្រាំ ក៏បានប្រតិកម្មភ្លាមៗ ដោយនិយាយថា «មនុស្សយើងគួរតែប្រយ័ត្នបន្តិច ព្រោះថាដល់ចំណុចណាមួយខ្ញុំនឹងវៃតបតទៅវិញ។ នាពេលនេះខ្ញុំកំពុងធ្វើចិត្តល្អណាស់ តែដល់ដំណាក់ណាមួយ ខ្ញុំនឹងតដៃវិញហើយវានឹងមិនស្រាលនោះឡើយ»។
គួរបញ្ជាក់ថា បញ្ហាវិវាទរវាងលោក ត្រាំ ដែលធ្លាប់ជាមហាសេដ្ឋីអចលនទ្រព្យ និងជាអ្នកនយោបាយថ្មីថ្មោង មុនពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក និង លោក McCain ដែលជាតំណាងរាស្រ្តជើងចាស់ និងជាវីរៈបុរសសង្រ្គាមនោះ បានកើតមានឡើងតាំងពីយូរណាស់មកហើយ។ តួយ៉ាងកាលពីឆ្នាំ២០១៥ លោក ត្រាំ បានដាក់មន្ទិលសង្ស័យ ចំពោះកំណត់ត្រាយោធារបស់ លោក McCain និងចំអកដាក់ព្រឹទ្ធសមាជិកអាមេរិករូបនេះ ថែមទៀតផង។ លោក McCain ត្រូវបានគេដឹងថា មិនមែនជាសមាជិកបក្សសាធារណៈរដ្ឋតែមួយរូបនោះឡើយ ដែលតែងតែសម្តែងការមិនពេញចិត្ត ទៅនឹងលោក ត្រាំ ដែលជាមន្ត្រីស្ថិតនៅក្នុងបក្សដូចគ្នា៕