(យ៉េមែន)៖ គ្រួសារមួយមានសមាជិក ០៦នាក់ ដែលភាគច្រើនជាកុមារតូចៗនោះ បានបាត់បង់ជីវិតនាយប់ថ្ងៃអង្គារសប្តាហ៍នេះ ក្នុងអំឡុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសមួយ ដែលធ្វើឡើងដោយកងកម្លាំងចម្រុះរបស់អារ៉ាប៊ីសាអូឌីត នៅខេត្ត ហ្សាហ្វ (Jawf) ភាគឦសាននៃប្រទេសយ៉េមែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។
បើតាមអាជ្ញាធរក្នុងតំបន់កើតហេតុ ការទម្លាក់គ្រាប់ ដែលត្រូវបានធ្វើឡើងចំលើលំនៅឋានប្រជាជនស៊ីវិល ស្ថិតក្នុងតំបន់ រ៉ូហ៊ូប (Rohoob) នៃស្រុក បារ៉ាត អាឡាណាន (Barat Alanan) បានផ្តាច់ជីវិតប្តី-ប្រពន្ធ រួមជាមួយនិងកូនស្រីតូចៗទាំង ០៤នាក់ របស់អ្នកទាំងពីរ ក៏ដូចជាបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេទាំងស្រុងតែម្តង។ ដោយឡែក ក្មេងប្រុសម្នាក់ ដែលជាអ្នករស់រានមានជីវិតតែម្នាក់គត់ នៃគ្រួសារដ៏អភ័ព្វនេះ ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារផងដែរ។
គួរបញ្ជាក់ថា តំបន់ Rohoob ស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ភាគខាងត្បូង សមរភូមិនៃការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងក្រុមឧទ្ទាម ហួធី (Houthi) និងកងយោធារដ្ឋាភិបាល ដែលគាំទ្រដោយកងយន្តហោះចម្បាំងរបស់កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត៕