(ប៉េកាំង)៖ ព្រឹត្តិការណ៍នយោបាយដ៏ធំរបស់ចិន គឺការបើកសមាជបក្សកម្មុយនីស្ដ ដែលចាប់ផ្ដើមឡើងជាផ្លូវការហើយនៅថ្ងៃពុធនេះ នៅក្នុងទីក្រុងប៉េកាំងជាមួយការរំពឹងទុកថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងប្រើឱកាសនេះពង្រឹងគោលនយោបាយរបស់លោកបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។
ប្រតិភូច្រើនជាង ២,០០០នាក់ ត្រូវមកជួបប្រជុំគ្នាក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ហើយការប្រជុំបិទទ្វារនេះ ត្រូវធ្វើឡើងក្នុងរយៈពេលប្រាំឆ្នាំម្ដង ដើម្បីកំណត់ថា នរណាជាអ្នកដឹកនាំប្រទេសចិនបន្ត និងទិសដៅរបស់ប្រទេសសម្រាប់អាណត្តិបន្ទាប់នោះ។ ក៏ប៉ុន្តែទន្ទឹមគ្នាបើតាមក្រុមអ្នកជំនាញចិន លោក ស៊ី ជិនពីង ដែលបានឡើងកាន់ដំណែងកាលពីឆ្នាំ២០១២ ត្រូវបានគេរំពឹងថា អាចនឹងទទួលបានការគំាទ្រពីសមាជបក្ស ឱ្យបន្តធ្វើជាប្រមុខដឹកនាំគណបក្សកុម្មុយនីស្ដចិនដដែល។
គួរបញ្ជាក់ថា នៅថ្ងៃបើកសមាជបក្សនេះដែរ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ក្រោមការដឹកនាំរបស់លោក ០៥ឆ្នាំ មកនេះប្រជាជនចិន ៦០លាននាក់ បានគេចផុតពីភាពក្រីក្រ។ សមាជបក្សកុម្មុយនីស្ដចិន ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅសប្ដាហ៍ក្រោយ៕