(បាងកក)៖ នាយកប្រតិបត្តិក្រុមហ៊ុន (CEO) Facebook លោក Mark Zuckerberg នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha នៅក្នុងប្រទេសថៃ នៅថ្ងៃទី៣០ ខែតុលាខាងមុខនេះ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
យោងតាម Bangkok Post លោក Prayut បាននិយាយថា ជំនួបជាមួយលោក Zuckerberg គ្រាន់តែជាផ្នែកមួយនៃការបំពេញដំណើរ ទស្សនកិច្ចធម្មតាតែប៉ុណ្ណោះ ហើយកិច្ចពិភាក្សារវាង អ្នកទំាងពីរក៏ផ្ដោតសំខាន់ផងដែរ លើកិច្ចសហប្រតិបត្តិការទប់ទល់នឹងឧក្រិដ្ឋកម្មអន្តរជាតិ។ «សូមកុំចេះតែស្មាន...វាគ្រាន់តែឱកាសមួយក្នុងការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក...។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha។
គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលខែឧសភាកន្លងទៅ លោក Prayut Chan-o-cha ធ្លាប់បានព្រមានបិទ Facebook ជាច្រើនដង ដោយចោទថាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយ នេះមិនបានបិទ ឬប្លុក Page មួយចំនួនដែលអាជ្ញាធរថៃរកឃើញថា បានប្រព្រឹត្តបទល្មើស អនុឡោមតាមច្បាប់ប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មកុំព្យូទ័រ៕